ប្រធានាធិបតី លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ត្រូវបានរំពឹងថា នឹងកើនឡើងប្រហែល ៥ភាគរយ សម្រាប់រយៈពេលពេញ ១ឆ្នាំនៃឆ្នាំ២០២៤ ដែលជាសញ្ញាបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោក កំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅផ្លូវការរបស់ខ្លួន។
បើយោងតាមសុន្ទរកថាដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានបង្ហាញថា អំឡុងព្រឹត្តិការណ៍ឆ្នាំថ្មី កាលពីថ្ងៃពុធ (ទី១ ខែមករា) លោក ស៊ី បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិនជារួម មាន «ស្ថិរភាព និងរីកចម្រើន ចំពេលមានលំនឹងល្អ» ។ លោកបន្តថា ហានិភ័យ ក្នុងវិស័យសំខាន់ៗជាច្រើន ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ខណៈទីផ្សារការងារ និងតម្លៃនៃការរស់នៅ នៅតែមានស្ថិរភាព។
ខណៈពេលដែលតួលេខច្បាស់លាស់ នឹងមិនត្រូវបានចេញផ្សាយរហូតដល់ខែកុម្ភៈ ការលាតត្រដាងរបស់មេដឹកនាំចិន បានបិទបញ្ចប់នូវឆ្នាំមួយដែលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដោយគោលដៅកំណើនត្រូវបានគេមើលឃើញពីដំបូងថា ជា «គោលដៅដោយគ្មានផែនការ»។ ទស្សនវិស័យ សម្រាប់ឆ្នាំ២០២៤ មានភាពប្រសើរឡើង បន្ទាប់ពីក្រុមអ្នកបង្កើតគោលនយោបាយ បានដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចមួយចំនួន ចាប់តាំងពីចុងខែកញ្ញា ឆ្នាំ២០២៣ ដោយអ្នកសេដ្ឋកិច្ច បានព្យាករថា នឹងមានការកើនឡើងដល់ ៤,៨ភាគរយ នៅឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្នុងអំឡុងពិធីអបអរឆ្លងឆ្នាំសកលនេះ លោក ស៊ី បានផ្តល់សញ្ញាថា ការគាំទ្រដល់សេដ្ឋកិច្ច នឹងបន្តមានរហូតដល់ឆ្នាំ២០២៥ ទៅកាន់ស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេស ដោយបានរំលឹកឡើងវិញនូវការអំពាវនាវឲ្យអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសកម្មបន្ថែមទៀត៕