សារព័ត៌មាន Washington Post កាលពីថ្ងៃពុធ (ទី១ ខែមករា) បានរាយការណ៍ថា ក្រុមចោរព័ត៌មានវិទ្យារដ្ឋាភិបាលចិន បានលួចចូលទិន្នន័យរបស់ការិយាល័យក្រសួងរតនាគារអាមេរិក ដោយកំណត់អត្តសញ្ញាណគោលដៅវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលក្រសួងរតនាគារបានបង្ហាញនៅដើមសប្តាហ៍នេះ។
ដោយដកស្រង់សម្ដីពីមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Washington Post បានឲ្យដឹងថា ក្រុមចោរព័ត៌មានវិទ្យា បានជ្រៀតចូលការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស និងការិយាល័យស្រាវជ្រាវហិរញ្ញវត្ថុ ហើយក៏បានកំណត់គោលដៅការិយាល័យរបស់រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen ផងដែរ។
គួររំលឹកថា ក្រសួង នៅដើមសប្តាហ៍នេះ បានបង្ហាញនៅក្នុងលិខិតមួយបញ្ជូនទៅកាន់សមាជិកសភាថា ក្រុមចោរព័ត៌មានវិទ្យា បានលួចឯកសារសម្ងាត់ នៅក្នុង «ប្រតិបត្តិការធំៗជាច្រើន»។ តែយ៉ាណាក្ដី ក្រសួងមិនបានបញ្ជាក់ថា អ្នកប្រើ ឬក្រសួងណាខ្លះដែលរងផលប៉ះពាល់ឡើយ។
នៅពេលត្រូវបានសួរអំពីសេចក្ដីរាយការណ៍របស់សារព័ត៌មាននេះ លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានឆ្លើយតបថា ការអះអាង «ដ៏មិនសមហេតុផល» របស់សហរដ្ឋអាមេរិកនេះ គឺ «គ្មានមូលដ្ឋានការពិតណាមួយឡើយ» និងតំណាងឲ្យ «ការវាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះ» ប្រឆាំងនឹងទីក្រុងប៉េកាំង។ ប្រទេសចិន បានប្រាប់ថា ខ្លួន «ប្រយុទ្ធប្រឆាំងការវាយប្រហារគ្រប់ទម្រង់តាមអ៊ីនធឺណិត»។
ក្រសួងរតនាគារមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មាន៕