មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវឲ្យមានការតស៊ូរបស់ស៊ីរី អំឡុងសុន្ទរកថា មុនខួប ៥ឆ្នាំនៃការទទួលមរណភាពរបស់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Qasem Soleimani ។
លោកនិយាយនៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងតេអេរ៉ង់ថា ការធ្វើឲ្យរណសិរ្សតស៊ូរស់រានឡើងវិញ គឺជាគោលដៅសំខាន់របស់លោក Soleimani ។
ថ្ងៃទី ៣ ខែមករា គឺជាខួប ៥ឆ្នាំ ចាប់តាំងពីលោក Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមីស៊ីលសហរដ្ឋអាមេរិក នៅប្រទេសអ៊ីរ៉ាក់ គឺជាការស្លាប់មួយបណ្តាលឲ្យភាពតានតឹងមានស្រាប់កើនឡើងបន្ថែមទៀតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។
លោក Khamenei បន្តថា ស្ថិរភាព និងកម្លាំង ត្រូវបានយកចេញពីស៊ីរី ហើយវានឹងនាំឲ្យមានភាពវឹកវរ ភាពអនាធិបតេយ្យ និងការកាន់កាប់ទឹកដី ។
លោកថា ស៊ីរីគឺជារបស់ជាតិស៊ីរី ។ អ្នកដែលបំពានលើអធិបតេយ្យភាពស៊ីរី ថ្ងៃណាមួយនឹងត្រូវ បង្ខំឲ្យដកថយ ចំពោះមុខកម្លាំង និងការប្តេជ្ញាចិត្តរបស់យុវជនដ៏ក្លាហានរបស់ស៊ីរី ។ មិនចាំបាច់សង្ស័យនោះទេថា រឿងនេះនឹងកើតឡើងប្រាកដ ។
កាលពីដើមខែធ្នូកន្លងទៅ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បានបង្ខំឲ្យលោក Assad រត់ភៀសខ្លួន ក្រោយសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ នៅស៊ីរី ក៏ដូចជាបញ្ចប់ការគ្រប់គ្រងបែបផ្តាចការរយៈពេលច្រើនទសវត្សរ៍របស់គ្រួសារលោក ៕