ប្រធានាធិបតីហុងឌូរ៉ាសលោកស្រី Xiomara Castro បានព្រមានថា ការបណ្តេញជនអន្តោប្រវេសន៍ហុងឌូរ៉ាសទ្រង់ទ្រាយធំចេញពីសហរដ្ឋអាមេរិក អាចនឹងធ្វើគ្រោះថ្នាក់ដល់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង ២ ។
អំឡុងសុន្ទរកថានៅថ្ងៃចូលឆ្នាំសកល លោកស្រី Castro បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសន្ទនាលក្ខណៈស្ថាបនាជាមួយរដ្ឋបាលជិតចូលកាន់អំណាចរបស់លោក Donald Trump ។
លោកស្រី បានជំរុញផងដែរដល់រដ្ឋបាលថ្មីថាមិនត្រូវបណ្តេញជនអន្តោប្រវេសន៍ហុងឌូរ៉ាសចេញពីទឹកដីសហរដ្ឋមេរិកនោះឡើយ ។
លោកស្រី Castro និយាយថា មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅហុងឌូរ៉ាស ត្រូវបានរក្សាទុកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយគ្មានការបង់ថ្លៃណាមួយនោះឡើយពីទីក្រុងវ៉ាស៊ីនតោន។
លោកស្រីបន្តថា ជាការប្រឈមមុខនឹងឥរិយាបទអរិភាពនៃការបណ្តេញបងប្អូនរបស់ពួកយើងទ្រង់ទ្រាយធំ មូលដ្ឋានយោធាអាមេរិក នឹងត្រូវបាត់បង់គ្រប់ហេតុផលទាំងអស់ដែលមាននៅក្នុងប្រទេសហុងឌូរ៉ាស ៕