រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន លោក Maher al-Sharaa បាននិយាយថា ស្ថាប័ន និងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររាប់រយរបស់ស៊ីរី ត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង។
ទីភ្នាក់ងារសារព័ត៌មាន SANA បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«ទីកន្លែងនិងមជ្ឈមណ្ឌល វេជ្ជសាស្ត្ររាប់រយ ត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង។ បច្ចុប្បន្ននេះ យើងកំពុងរៀបចំជំនួយដល់ប្រជាជន»។
យោងតាមលោក al-Sharaa បានឲ្យដឹងថា ក្រសួងសុខាភិបាល បានចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយបញ្ហា ក្នុងវិស័យនេះ។
លោកបានសង្កត់ធ្ងន់ថា៖«ការងារកំពុងដំណើរការ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងស្ថានភាពសេដ្ឋកិច្ចរបស់បុគ្គលិកពេទ្យ»។
លោករដ្ឋមន្ត្រី បានប្រកាសថា «ដំណាក់កាលថ្មី កំពុងចាប់ផ្តើមក្នុងវិស័យសុខាភិបាល ដែលនឹងបំពេញផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខុមាលភាពរបស់ពួកគេ»។
កាលពីចុងខែវិច្ឆិកា ក្រុមប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់កងទ័ពស៊ីរី។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេ បានចូលក្នុងទីក្រុងដាម៉ាស។ ប្រធានាធិបតី លោក បាសា អាល់អាសាដ (Bashar al-Assad) បានលាលែងពីតំណែង ហើយបានចាកចេញពីប្រទេស។ នៅថ្ងៃទី ១០ ខែធ្នូ លោក Mohammed al-Bashir ដែលបានដឹកនាំរដ្ឋាភិបាលដែលហៅថា រដ្ឋាភិបាលស្រោចស្រង់ជាតិ នៅក្នុងទីក្រុង Idlib បានប្រកាសតែងតាំងលោកជាប្រធានគណៈរដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ស៊ីរី។ រយៈពេលអន្តរកាល នឹងមានរយៈពេល រហូតដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥។