ទូរទស្សន៍ Al Jazeera បានបង្ហាញភាពសោកស្តាយជាខ្លាំងចំពោះការសម្រេចចិត្តរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការបិទការិយាល័យរបស់ពួកគេ នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង និងបានចាត់ទុកចំណាត់ការមួយនេះថាស្របតាមវិធានការរបស់អ៊ីស្រាអែលប្រឆាំងនឹងបុគ្គលិករបស់ពួកគេ ។
ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីថ្ងៃពុធថា អាជ្ញាធរប៉ាឡេស្ទីន បានផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា នៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំងការចាក់ផ្សាយរបស់ខ្លួន ដោយលើកឡើងថា Al Jazeera ផ្សព្វផ្សាយព័ត៌មានបែបញុះញង់ ។
WAFA បានរាយការណ៍ទៀតថា ប្រមុខអាជ្ញាធរវប្បធម៌ មហាផ្ទៃ និងទំនាក់ទំនង បានធ្វើការសម្រេចចិត្តរួមគ្នា ដោយសារតែការផ្សាយរបស់ទូរទស្សន៍នេះ មានលក្ខណៈបោកបញ្ឆោត និងបញ្ឆេះជម្លោះ ។ បទបញ្ជាផ្អាកនោះបាននិយាយថា ការសម្រេចនេះជារឿងបណ្ដោះអាសន្ន ប៉ុន្តែក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទបញ្ចប់នោះដែរ ។
គួរឲ្យដឹងថា អាជ្ញាធរប៉ាឡេស្ទីន បានរិះគន់ទូរទស្សន៍ Al Jazeera កាលពីសប្តាហ៍មុន ជុំវិញការផ្សាយគ្របដណ្តប់របស់ខ្លួនលើការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនសប្តាហ៍រវាងកងកម្លាំងសន្តិសុខប៉ាឡេស្ទីន និងក្រុមសកម្មប្រយុទ្ធនៅក្នុងជំរំ Jenin ស្ថិតក្នុងតំបន់វ៉េសប៊ែងដែលកាន់កាប់ដោយអ៊ីស្រាអែល ។
ទូរទស្សន៍ Al Jazeera បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះថា បណ្តាញសារព័ត៌មាន Al Jazeera សូមធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តរបស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការបង្កកការងារ និងការផ្សព្វផ្សាយរបស់ពួកគេនៅតំបន់វ៉េសប៊ែង ។
ពួកគេបន្តថា ពួកគេចាត់ទុកការសម្រេចចិត្តនេះថា គ្មានអ្វីក្រៅពីជាការប៉ុនប៉ងមួយ ដើម្បីរារាំងប៉ុស្តិ៍របស់ពួកគេពីការផ្សព្វផ្សាយព្រឹត្តការណ៍តានតឹងកើនឡើងយ៉ាងឆាប់រហ័ស កំពុងកើតឡើងនៅដែនដីកាន់កាប់មួយនេះ ៕