ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA របស់អ៊ីរ៉ង់ បានរាយការណ៍ដោយលើកប្រភពពីលោកអនុរដ្ឋមន្រ្តីការបរទេស Kazem Gharibabadi ថា ជុំបន្ទាប់នៃកិច្ចប្រជុំនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសបារាំង អង់គ្លេស ហើយនិងប្រទេសអាល្លឺម៉ង់ នឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនាថ្ងៃទី ១៣ ខែមករាខាងមុខនេះ ។
លោក Gharibabadi បាននិយាយកាលពីថ្ងៃពុធថា ជុំថ្មីកិច្ចនៃប្រជុំរវាងអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួន ៣នឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ១៣ ខែមករា ។
អ៊ីរ៉ង់មាននូវជំនួនជាមួយប្រទេសមហាអំណាចអឺរ៉ុបទាំង ៣ ស្តីពីកម្មវិធីនុយក្លេអ៊ែរជម្លោះរបស់ពួកគេកាលពីវិច្ឆិកា ឆ្នំា ២០២៤កន្លងទៅ ។
កិច្ចប្រជុំទាំងនោះ ដែលជាកិច្ចប្រជុំលើកដំបូង ចាប់តាំងពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក បានកើតមានឡើង ក្រោយទីក្រុងតេអេរ៉ង មានការខឹងសម្បារយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចគាំទ្រដោយអឺរ៉ុប ដែលបានចោទប្រកាន់អ៊ីរ៉ង់ថា មានកិច្ចសហប្រតិបត្តិការមិនល្អជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(UN) ។
ទីក្រុងតេអេរ៉ង់ បានប្រតិកម្មចំពោះសេចក្តីសម្រេចមួយនេះ និងបានជូនដំណឹងទៅកាន់ក្រុមឃ្លាំមើលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ថា ពួកគេមានគម្រោងដំឡើងម៉ាស៊ីនចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមទៀត នៅរោងចក្រចម្រាញ់របស់ពួកគេ ៕