មេដឹកនាំក្រុមអភិរក្សនិយមរបស់អាល្លឺម៉ង់ លោក Friedrich Merz ដែលត្រូវបានរំពឹងថា មានសិទ្ធខ្ពស់បន្តតំណែងពីលោក Olaf Scholz ជាអធិការបតី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ dpa ថា លោកនឹងគាំទ្រការប៉ុនប៉ងថ្មី សម្រាប់កិច្ចពិភាក្សា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការមានលក្ខខណ្ឌពាណិជ្ជកម្មតឹងរ៉ឹងជាងមុន។
នៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) នេះ លោក Merz បានលើកឡើងថា សេដ្ឋកិច្ចរបស់អឺរ៉ុប នឹងប្រឈមមុខជាមួយលក្ខខណ្ឌដ៏លំបាក នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump។

លោក Merz បាននិយាយថា៖ «យើងត្រូវការរបៀបវារៈវិជ្ជមានជាមួយសហរដ្ឋអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អាមេរិក និងអឺរ៉ុបដូចគ្នា»។ មេដឹកនាំគណបក្សប្រឆាំង គឺបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) បានបន្ថែមថា៖ «គំនិតផ្តួចផ្តើមថ្មីអឺរ៉ុប-អាមេរិក ដើម្បីឲ្យមានពាណិជ្ជកម្មសេរីរួមគ្នា អាចទប់ស្កាត់ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការដំឡើងពន្ធបាន»។
គួររំលឹកថា លោក Trump ដែលនឹងចូលកាន់តំណែងប្រហែល ១ខែ មុនពេលអាល្លឺម៉ង់ រៀបចំការបោះឆ្នោតសហព័ន្ធនោះ បានបញ្ចប់ការពិភាក្សា ស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានស្នើឡើង រវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក អំឡុងអាណត្តិដំបូងរបស់លោក ហើយជំនួសមកវិញ បានជំរុញឲ្យមានជម្លោះពាណិជ្ជកម្មមួយចំនួនជាមួយ EU។
នៅមុនការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ លោក Trump បានបញ្ជាក់ថា លោកនឹងដំឡើងពន្ធខ្ពស់ជាងមុនលើទំនិញរបស់ EU ដោយការសម្រេចនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាល្លឺម៉ង់ដែលកំពុងធ្លាក់ចុះជាពិសេសយ៉ាងខ្លាំងក្លារួចហើយ ដោយសារតែសហរដ្ឋអាមេរិក គឺជាអ្នកទិញធំបំផុតនៃទំនិញរបស់ខ្លួន៕
