
ភ្នំពេញ៖ ក្រសួងអប់រំបានបញ្ជាក់ថា មិនមានករណីគ្រឹះស្ថានឧត្តមសិក្សាផ្តល់អាហារូបករណ៍តាមរយៈសមាគមស្ត្រីដើម្បីសង្គមនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញនៅ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងក៏បានបដិសេធចំពោះខ្លឹមសារនៃការជូនដំណឹងផ្តល់អាហារូបករណ៍របស់«សមាគមស្ត្រីដើម្បីសង្គម»ផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជម្រាបដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សា នុសិស្ស និងសាធារណជនទាំងអស់ កុំចាញ់បោកការឃោសនាបំភ្លើស បោកប្រាស់ ដែលនាំឱ្យមានកា រភាន់ច្រឡំ និងខូចខាតប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយផ្សព្វផ្សាយ និងទប់ស្កាត់ ការឃោសនាបំផ្លើស បោកប្រាស់បែបនេះឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
កន្លងមកថ្មីៗនេះ សមាគមស្ត្រីដើម្បីសង្គម បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០ ២១ ស្តីពីការផ្តល់អាហារូបករណ៍ ៥០% ចំនួន ២,៥០០កន្លែង និង១០០% ចំនួន ៥០០កន្លែង នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងនោះមានដូចជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យកម្ពុជា, សាកលវិទ្យាល័យបញ្ញាសាស្រ្ត, សាកលវិទ្យាល័យន័រតុន,សាកលវិទ្យាល័យវេស្ទើន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាដើម៕
ដោយ៖ គង់ ឌិន
