ជារៀងរាល់ល្ងាច លោក Ergus Katiaj បង្ហោះវីដេអូនៅលើបណ្តាញព័ត៌មានសង្គម TikTok ប្រាប់ដល់អតិថិជនថា ហាងរបស់លោកនៅទីក្រុង Tirana មានការចែកចាយនំដំឡូង បារី និងស្រា ពេញមួយយប់ ។ ទូរស័ព្ទរបស់លោកមមាញឹកខ្លាំងនឹងការបញ្ជាទិញ ធ្វើឲ្យលោកអាចរកប្រាក់បាន ១ពាន់អឺរ៉ូបន្ថែមពីលើប្រាក់ចំណេញប្រចាំខែរបស់លោក ។
ប៉ុន្តែនៅពេលខាងមុខនេះ លោក Katiaj ត្រូវតែស្វែងរកវិធីសាស្រ្តថ្មី ដើម្បីទាក់ទាញធុរកិច្ចរបស់លោក ។ រដ្ឋាភិបាលអាល់បានី បានចេញបំរាមរយៈពេល ១ឆ្នាំលើកម្មវិធីបណ្តាញព័ត៌មានសង្គមមួយនេះ ដោយពួកគេនិយាយថា វាមានគោលដៅកាត់បន្ថយអំពើហិង្សាយុវជន ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងម្ចាស់ធុរកិច្ច និយាយថា វាបានគំរាមកំហែងដល់ពាណិជ្ជកម្ម និងសេរីភាពនៃការបញ្ចេញមតិនៅមុនការបោះឆ្នោតនាខែឧសភាខាងមុខនេះ ។

លោក Katiaj បាននិយាយពេលលោកចែកចាយទំនិញនៅតាមតំបន់ជាយក្រុង Tirana ថា វាមាននូវផលប៉ះពាល់ដ៏ធំមួយលើធុរកិច្ចរបស់លោក ពីព្រោះថា ការលក់ភាគច្រើន ធ្វើឡើងតាមការធ្វើទីផ្សារសេរីរបស់ TikTok ។
នាយករដ្ឋមន្រ្តីរ៉ូមានីលោក Edi Rama បានប្រកាសបំរាម TikTok កាលពីថ្ងៃទី ២១ ខែធ្នូ ក្រោយក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ត្រូវបានចាក់សម្លាប់កាលពីខែវិច្ឆិកា ដោយសិស្សរួមថ្នាក់របស់គេ គឺជាឧក្រិដ្ឋកម្មមួយ ក្រោយសារព័ត៌មានក្នុងស្រុក រាយការណ៍ថា វាបានកើតមានឡើង ក្រោយក្មេងប្រុសទាំង ២ បានប៉ះសម្តីគ្នាតាមអនឡាញ ។ TikTok ត្រូវបានគេរំពឹងថានឹងត្រូវបិទនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕

