មនុស្សជាច្រើននាក់ បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារ នៅសង្កាត់ Queens របស់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ (ទី១ ខែមករា) ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់នោះទេ។ នេះបើតាមមន្ត្រីស៊ើបអង្កេត នៅឯស្នងការដ្ឋាននគរបាលទីក្រុងញូវយ៉ក ដែលបានបញ្ជាក់ប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកស៊ើបអង្កេតបានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេតលើឧប្បត្តិហេតុ នៅក្លឹបរាត្រីមួយ ក្នុងថ្ងៃបុណ្យចូលឆ្នាំសកល កំពុងដំណើរការទៅ។ អ្នកប្រើបណ្ដាញសង្គមមានការតក់ស្លុត ចំពោះឧបទ្ទវហេតុនេះ និងបានចែករំលែករូបភាពនៃការដាក់ពង្រាយកម្លាំងនគរបាល នៅកន្លែងនោះ។

គួរដឹងដែរថា នៅមុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល ឡានដឹកទំនិញ ១គ្រឿង បានបើកបំបុកចូលផ្លូវ ដែលមានមនុស្សយ៉ាងកកកុញ ក្នុងទីក្រុង New Orleans ដោយហេតុការណ៍នោះ បានសម្លាប់មនុស្ស ១៥នាក់ ខណៈរាប់សិបនាក់បានរងរបួស ហើយនៅទីក្រុង Las Vegas រថយន្ត Tesla ១គ្រឿង បានផ្ទុះនៅខាងក្រៅសណ្ឋាគាររបស់លោក Donald Trump ដោយបានសម្លាប់មនុស្សម្នាក់ ហើយ ៧នាក់ទៀត បានរងរបួស។
អាជ្ញាធរ បាន និងកំពុងប្រឹងប្រែងតាមតាមរកជនសង្ស័យដែលអាចមានជាប់ទាក់ទងនឹងហេតុការណ៍ នៅទីក្រុង New Orleans និង Las Vegas ហើយក៏កំពុងស៊ើបអង្កេតពីជ្រុងដែលអាចជាអំពើភេរវកម្មផងដែរ៕


