ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Milena បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ រួមមាន កសិកម្ម កីឡា និងសុខភាព។
ភាគីទាំងពីរក៏បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះបន្ថែមទៀត នៅពេលដែលកម្ពុជា និងគុយបាប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ៕



