អ៊ីរ៉ង់៖ អ៊ីរ៉ង់បាននិយាយថា ខ្លួននឹងបន្តកិច្ចចរចាពហុភាគីឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកាក្នុងទីក្រុងវីយ៉ែនរបស់ប្រទេសអូទ្រីស ក្នុងគោលបំណងស្រោចស្រង់ឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះ ជាមួយមហាអំណាចពិភពលោក។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani ដែលបានក្លាយជាប្រធានអ្នកចរចារបស់ទីក្រុងតេអេរ៉ង់ កាលពីពាក់កណ្ដាលខែកញ្ញាបាននិយាយកាលពីថ្ងៃពុធថា កាលបរិច្ឆេទត្រូវបានកំណត់នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកសម្របសម្រួលសហភាពអឺរ៉ុបលោក Enrique Mora។ លោក Bagheri បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ពួកលោកបានយល់ព្រមចាប់ផ្ដើមការចរចាសំដៅលើការដកទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី២៩ ខែវិច្ឆិកានៅទីក្រុងវីយែន ដោយសំដៅលើវិធានការដែលសហរដ្ឋអាមេរិកបានដាក់លើអ៊ីរ៉ង់ ចាប់តាំងពីការដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការរួមសម្រាប់សកម្មភាពគ្រប់ជ្រុងជ្រោយ (JCPOA) កាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងអាណត្តិអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។ សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបបាននិយាយថា ភាគីនានាដែលនៅតែជាប់ពាក់ព័ន្ធកិច្ចព្រមព្រៀង រួមមានចក្រភពអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអ៊ីរ៉ង់នឹងត្រូវចូលរួមក្នុងកិច្ចចរចានេះ៕
អត្ថបទ៖ សុខមាន