ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) បានឲ្យដឹងថា ខ្លួនកំពុងពិចារណាច្បាប់ថ្មីដែលនឹងរឹតបន្តឹងលើយានដ្រូនរបស់ប្រទេសចិន ឬហាមឃាត់មិនឲ្យមានតែម្ដង នៅសហរដ្ឋអាមេរិក ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

ក្រសួងបានប្រាប់ថា ខ្លួនកំពុងស្វែងរកប្រតិកម្មតបសាធារណៈ នៅត្រឹមថ្ងៃទី៤ ខែមីនា ពាក់ព័ន្ធទៅនឹងច្បាប់ដែលអាចមាន ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់យានដ្រូន ដោយលើកឡើងថា ការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី «អាចផ្តល់ឲ្យសត្រូវរបស់យើងមានលទ្ធភាពចូលប្រើ និងរៀបចំឧបករណ៍ទាំងនេះពីចម្ងាយ ដោយបង្ហាញទិន្នន័យរសើបរបស់សហរដ្ឋអាមេរិក»។ ប្រទេសចិនមានចំណែកទីផ្សារដោយភាគច្រើន ទាក់ទងនឹងការលក់យានដ្រូនពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក។
គួររំលឹកថា កាលពីខែកញ្ញាឆ្នាំមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo បាននិយាយថា ក្រសួងអាចរឹតបន្តឹងស្រដៀងគ្នាទៅនឹងការដាក់កម្រិត ដែលនឹងហាមឃាត់ប្រកបដោយប្រសិទ្ធភាព លើរថយន្តចិនមិនឲ្យមាននៅសហរដ្ឋអាមេរិក ហើយការផ្តោតសំខាន់ នឹងផ្តោតលើយានដ្រូនដែលមានឧបករណ៍ បន្ទះឈីប និងសូហ្វវែររបស់ចិន និងរុស្ស៊ី។ ហើយលោកស្រីបានប្រាប់សារព័ត៌មាន Reuters កាលពីខែវិច្ឆិកាថា លោកស្រីសង្ឃឹមថា នឹងបញ្ចប់ច្បាប់ ស្តីពីយានយន្តរបស់ចិន ត្រឹមថ្ងៃទី២០ ខែមករា។
ការសម្រេចតាក់តែងច្បាប់ថ្មីដែលរឹតបន្តឹង ឬហាមឃាត់យានដ្រូនរបស់ចិន នឹងធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា៕
