ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយស៊ីរី ក្រោយការដួលរលំរបស់របបផ្តាច់ការលោក Assad ។
លោកនិយាយថា ឆ្នាំនេះ ពួកយើងអាចបន្ថែមប្រទេសជាច្រើនទៀតទៅក្នុងបញ្ជីឈ្មោះនៃភាពជាដៃគូអាចជឿទុកចិត្តបាន ជាពិសេសគឺប្រទេសស៊ីរី ។
លោកថា ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយស៊ីរី និងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ។ លោកចង់ថ្លែងអំណរគុណផងដែរដល់សេវាកម្មចារកម្មរបស់ពួកយើង សម្រាប់សន្តិសុខនៃការទំនាក់ទំនងទាំងនេះ ។
លោក Zelenskiy បន្តទៀតថា ជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha ទៅកាន់តំបន់មជ្ឈិមបូព៌ា ពួកយើងនឹងបង្កើនផងដែរពាណិជ្ជកម្មជាមួយលីបង់ ដែលបច្ចុប្បន្នពួកយើងមានការនាំចេញកសិកម្មទំហំទឹកប្រាក់ ៤០០លានដុល្លារ ទៅកាន់ប្រទេសមួយនេះ ហើយពួកយើងត្រៀមខ្លួន ដើម្បីបង្កើនការនាំចេញវិស័យមួយនេះ យ៉ាងហោចណាស់ក៏ទ្វេដងដែរ ៕