អាជ្ញាធរឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានបញ្ចប់សព្វគ្រប់ ក្នុងការយកកាកសំណល់ពុលចេញពីកន្លែងនៃគ្រោះមហន្តរាយលេចធ្លាយឧស្ម័ន នៅទីក្រុង Bhopal ឆ្នាំ១៩៨៤ ជាហេតុការណ៍ដែលបានសម្លាប់មនុស្សជាង ៥.០០០នាក់ ទៅកាន់កន្លែងចាក់សម្រាមមួយ ដែលវានឹងត្រូវចំណាយពេលពី ៣ ទៅ ៩ខែ ដើម្បីដុតបំផ្លាញ។
ក្បួនរថយន្តធំៗជាច្រើនគ្រឿង ត្រូវបានគេមើលឃើញចាកចេញពីទីតាំងនេះ កាលពីល្ងាចថ្ងៃពុធ (ទី១ ខែមករា) ដោយអាជ្ញាធរបានប្រាប់ថា ដំណើរការយកកាកសំណល់ទៅចោលនេះ នឹងអនុវត្តតាមនីតិវិធីសុវត្ថិភាពត្រឹមត្រូវដែលត្រូវបានណែនាំដោយរដ្ឋាភិបាល។
គួររំលឹកថា នៅព្រឹកព្រលឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៤ ឧស្ម័ន Methyl Isocyanate បានលេចធ្លាយចេញពីរោងចក្រថ្នាំសម្លាប់សត្វល្អិត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសាជីវកម្ម American Union Carbide ដោយបានធ្វើឲ្យមនុស្សជាងកន្លះលាននាក់ពុល នៅទីក្រុង Bhopal រដ្ឋធានីនៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា៕


