មេធាវីរបស់ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងលោក Yoon Suk Yeol បានប្តេជ្ញានៅថ្ងៃសុក្រនេះ ថានឹងចាត់វិធានការផ្លូវច្បាប់លើអ្វីដែលលោកហៅថាជាទង្វើ "ខុសច្បាប់" និង "មិនត្រឹមត្រូវ"សម្រាប់ដីកាចេញដោយក្រុមអ្នកស៊ើបអង្កេតដើម្បីឃុំខ្លួនប្រធានាធិបតីរូបនេះ។

ក្រុមអ្នកស៊ើបអង្កេតបានចូលទៅក្នុងគេហដ្ឋានប្រធានាធិបតីនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីចាប់ឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកកាលពីខែមុន ប៉ុន្តែត្រូវបានរារាំងដោយទាហាននៅខាងក្នុង។

លោក យ៉ុន ងាប ជេអ៊ុន (Yun Gap-geun)អ្នកតំណាងផ្នែកច្បាប់មួយរូបរបស់លោកYoon បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ថាការអនុវត្តដីកាដែលខុសច្បាប់ និងមិនត្រឹមត្រូវ គឺមិនស្របច្បាប់ឡើយ ។
ខណៈនីតិវិធីសម្រាប់ការជំទាស់ទៅនឹងដីកា កំពុងដំណើរការនៅតុលាការធម្មនុញ្ញ និងតុលាការ យើង នឹងចាត់វិធានការផ្លូវច្បាប់ជុំវិញស្ថានការណ៍ខុសច្បាប់នៃការអនុវត្តដីកាខុសច្បាប់នេះ។
ក្រុមមេធាវីការពារក្តីរបស់លោក Yoon បានដាក់លិខិតផ្អាកដីកានេះទៅតុលាការធម្មនុញ្ញ ក៏ដូចជាការជំទាស់ដាច់ដោយឡែកចំពោះការប្រតិបត្តិដីកានេះទៅកាន់តុលាការក្រុងសេអ៊ូលខាងលិច៕