ប្រទេសចិនបានពង្រឹងអំណាចដែនសមុទ្ររបស់ខ្លួន ខណៈនាវាផ្ទុកយន្តហោះសកម្មទីពីររបស់ប្រទេសនេះសម្រេចបានសមត្ថភាពប្រយុទ្ធ "គ្រប់លក្ខខណ្ឌអាកាសធាតុ" កាលពីឆ្នាំមុន ។ដោយមានឈ្មោះថា សានទុង (Shandong) នាវាផ្ទុកយន្តហោះ ថ្មីៗនេះបានបញ្ចប់បេសកកម្មហ្វឹកហ្វឺនដែនសមុទ្រចុងក្រោយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤។
ដោយត្រូវបានដាក់ឱ្យដំណើរការក្នុងខែធ្នូ ឆ្នាំ ២០១៩ នាវាផ្ទុកយន្តហោះ Shandong គឺជានាវាផ្ទុកយន្តហោះដំបូងគេដែលផលិតក្នុងស្រុករបស់ប្រទេសចិន។

នាវាផ្ទុកយន្តហោះនេះ ក៏បានកាត់បន្ថយពេលវេលាសម្រាប់ការដាក់ពង្រាយយន្តហោះចម្បាំងផងដែរ។ របាយការណ៍បានអះអាងថា យន្តហោះប្រយុទ្ធJ-35 ទំនងជានឹងធ្វើប្រតិបត្តិការពីនាវាផ្ទុកយន្តហោះ Shandong ក្នុងការរួមបញ្ចូលគ្នាជាមួយយន្តហោះប្រយុទ្ធ J-15 ដែលស្រដៀងទៅនឹងការរួមបញ្ចូលគ្នានៃយន្តហោះចម្បាំង F-35 និង F/A-18E/F របស់សហរដ្ឋអាមេរិក។

សមត្ថភាពប្រយុទ្ធគ្រប់ស្ថានភាពអាកាសធាតុដែលសម្រេចបានដោយនាវាផ្ទុកយន្តហោះ Shandong អាចក្លាយជាបញ្ហាបន្ថែមទៀតសម្រាប់លោកខាងលិច ស្របពេលប្រទេសចិនស្វែងរកការពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងដែនសមុទ្រនានា។នេះគឺជាកម្លាំងទ័ពជើងទឹកដ៏ធំបំផុតក្នុងពិភពលោករួចទៅហើយ ដោយអមដំណើរចំនួននាវាដ៏ច្រើនដែលខ្លួនបានដាក់ពង្រាយនៅក្នុងសមុទ្រ។
កាលពីដើមឆ្នាំ ២០២៤ យន្តហោះចម្បាំងនានារបស់ចិនត្រូវបានគេកំណត់អត្តសញ្ញាណថាបានហោះហើរអមយន្តហោះចម្បាំងរបស់កងទ័ពអាកាសរុស្ស៊ីក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក ដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើមហច្ឆិតាយោធារបស់ចិននៅក្នុងតំបន់អាក់ទិក។
សមត្ថភាពប្រយុទ្ធគ្រប់លក្ខខណ្ឌអាកាសធាតុដែលសម្រេចបានដោយនាវាចម្បាំងចិនអាចនាំឱ្យមានឧបទ្ទវហេតុបែបនេះកាន់តែច្រើននាពេលអនាគត និងបង្កើនការព្រួយបារម្ភសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕