ក្បួនដំណើរថ្មីរបស់ជនអន្តោប្រវេសន៍ រួមមានមនុស្សជាង១.៥០០នាក់ បានចាប់ផ្ដើមពីទីក្រុង Tapachula ភាគខាងជើងប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២ខែ មករា ដោយប្រឈមនឹងបញ្ហាថ្មីៗចំពោះគោលនយោបាយព្រំដែន។

ជនអន្តោប្រវេសន៍ រួមមានគ្រួសារដែលមានកូន និងអ្នកជាច្រើនទៀតកាន់របស់របរផ្ទាល់ខ្លួនរបស់ពួកគេ បានចាប់ផ្តើមដំណើរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រោមការឃ្លាំមើលរបស់មន្ត្រីឆ្មាំជាតិ។
ក្រុមនេះ ភាគច្រើនជាអ្នកដែលភៀសខ្លួនចេញពីអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសវេណេស៊ុយអេឡា បានអំពាវនាវឱ្យមានការគាំទ្ររបស់មន្ត្រីរបស់ប្រទេសម៉ិកស៊ិក ដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅរបស់ពួកគេ។

ការធ្វើដំណើរនេះ បានបង្ហាញពីភាពបន្ទាន់ ខណៈជនអន្តោប្រវេសន៍ទាំងនេះ មានបំណងទៅដល់សហរដ្ឋអាមេរិក មុនពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ចូលកាន់តំណែង។
មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ព្រំដែននឹងត្រូវបិទបន្ទាប់ពីការឡើងកាន់តំណែងរបស់លោក ហើយក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរ ដែលថាអាជ្ញាធរម៉ិកស៊ិក នឹងពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ នៅព្រំដែនរបស់ប្រទេស។