យោងតាមទិន្នន័យថ្មីពីអង្គការសហប្រជាជាតិនិងប្រភពពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ជនភៀសខ្លួនជាង២.០០០នាក់ បានស្លាប់នៅក្នុងឆ្នាំ២០២៤ ខណៈព្យាយាមដើម្បីបានទៅដល់ទ្វីបអឺរ៉ុប ។
មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយថា ជនភៀសខ្លួន និងជនអន្តោប្រវេសន៍យ៉ាងហោចណាស់២.២០០នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ កាលពីឆ្នាំកន្លងទៅនេះ។

លោកស្រី Regina De Dominicis ប្រធានការិយាល័យប្រចាំតំបន់របស់អង្គការយូនីសេហ្វ(UNICEF) សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ីកណ្តាល បានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនគឺជាយុវជន។ លោកស្រី បានជំរុញឱ្យរដ្ឋាភិបាលនានា ផ្តល់អាទិភាពដល់ការការពារកុមារ ដែលស្វែងរកសុវត្ថិភាពនៅទ្វីបអឺរ៉ុប។

ទិន្នន័យដំបូង ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បង្ហាញពីអ្នកស្លាប់ ឬបាត់ខ្លួនមានចំនួន ២.៣៦៨នាក់ នៅតាមផ្លូវសមុទ្រមេឌីទែរ៉ាណេ និងផ្លូវសមុទ្រនៅអាហ្វ្រិកប៉ែកពាយ័ព្យក្នុងឆ្នាំ២០២៤។
អង្គការUNHCR បានរាយការណ៍ថា ជនភៀសខ្លួន១៩៣.៤៤៨នាក់ បានទៅដល់ទ្វីបអឺរ៉ុប គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ដោយប្រទេសអ៊ីតាលី បានក្លាយជាចំណុចចូលចតដ៏សំខាន់សម្រាប់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ហើយប្រទេសក្រិក និងប្រទេសអេស្ប៉ាញ បានដើរតាមពីក្រោយយ៉ាងប្រកៀក។