ស៊ីរ៉ែន បានរោទិ៍ឡើងនៅទីក្រុង តែល អាវីវ និងទីក្រុងហ្សេរុយសាឡឹម នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី៣ ខែមករា នេះ ខណៈមីស៊ីលមួយគ្រាប់ បាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងទ័ពអាកាសអ៊ីស្រាអែល។

ស៊ីរ៉ែនប្រកាសអាសន្ន បានរោទិ៍ឡើងនៅម៉ោងប្រហែល៤:៣០ នាទីព្រឹក ម៉ោងក្នុងស្រុក នៅប្រទេសអ៊ីស្រាអែលភាគកណ្តាល និងនៅទីក្រុងហ្សេរុយសាឡឹម។ ប៉ុន្មាននាទីក្រោយមក យោធាអ៊ីស្រាអែលបានជូនដំណឹងដល់សាធារណជនថា ស៊ីរ៉ែន បានរោទិ៍ឡើងដោយសារភាពអាចកើតមានឡើងនៃគ្រាប់ផ្លោង ធ្លាក់ចុះពីប្រព័ន្ធស្ទាក់ចាប់។

បន្ទាប់ពីស៊ីរ៉ែននៅអ៊ីស្រាអែលភាគកណ្តាលនិងភាគខាងត្បូង កងទ័ពអ៊ីស្រាអែលបាននិយាយថា មីស៊ីលដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានឆ្លងចូលទៅក្នុងទឹកដីរបស់អ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់។
ក្រុមសកម្មប្រយុទ្ធហ៊ូទី គាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានប្រើប្រាស់យានដ្រូន និងបាញ់មីស៊ីលជាច្រើនលើក ចូលទៅកាន់ប្រទេសអ៊ីស្រាអែល ជាអ្វីដែលពួកគេចាត់ទុកថាជាចំណាត់ការនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្រោមការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។