ពលរដ្ឋដែលបានរស់រានមានជីវិត ពីរបបបនប្រល័យពូជសាសន៍ប៉ុល ពត បាននាំគ្នាផ្តែផ្តាំកូនចៅ យុវជនជំនាន់ក្រោយៗ ត្រូវរួមគ្នាថែរក្សាគុណតម្លៃសន្តិភាព កើតចេញពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលពលរដ្ឋខ្មែរវ័យចាស់ៗទាំងអស់គ្នា បានចាត់ទុកថ្ងៃកំណើតទី២ រួចផុតចាកទុក្ខពីការធ្វើទារុណកម្ម កូនមិនស្គាល់គុណឳពុកមា្តយ និងកាប់សម្លាប់មនុស្សយ៉ាងហាវព្រៃផ្សៃបំផុត។
បណ្តាពលរដ្ឋវ័យចាស់ នៅខេត្តកណ្តាល ថ្លែងប្រាប់BTVនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ថា រៀងរាល់ឆ្នាំ នៅថ្ងៃ៧ មករា ជិតឈានចូលមកដល់ គឺបណ្តាពលរដ្ឋវ័យចាស់ តែងតែធ្វើការដាសតឿន និយាយរឿងប្រាប់កូនចៅ អំពីប្រវត្តិជូរចត់ក្នុងសង្គ្រាមរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយសង្គ្រាមនេះ គឺកើតចេញពីការញុះញុង បញ្ចូលចិត្តគំនិតខ្មៅកខ្វក់ បះបោរ កាប់សម្លាប់ពលរដ្ឋ ប្រល័យជាតិសាសន៍ឯងឥតត្រាប្រណី និងសូមផ្តាំផ្ញើកូនចៅជំនាន់ក្រោយគ្រប់គ្នា កុំជឿការញុះញុង របស់ពួកជ្រុលនិយមចិត្តគំនិតខ្មៅកខ្វក់ ដែលជាប្រវត្តិសាស្ត្រដដែលៗ នាំឲ្យប្រទេសមានធ្លាក់ក្នុងភ្លើងសង្គ្រាម។
ការផ្តែផ្តាំពីពលរដ្ឋវ័យចាស់ និងជាអណាព្យាបាលកូនចៅយុវជនជំនាន់ក្រោយនេះ បានធ្វើឡើង ខណៈក្នុងប្រវត្តិអតីតកាល នៃរបបកម្ពុជាប្រជាធិបតេយ្យ គឺគ្រប់យុវជន ត្រូវបានគេបានញុះញុង ប្រើប្រាស់ឲ្យដើរផ្លូវខុស បង្កប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ធ្វើទុក្ខទារុណកម្ម សម្លាប់ពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញជាតិសាសន៍ឯង ធ្វើឲ្យប្រទេសគ្មានមុខមាត់ឆាកអន្តរជាតិ ។
ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹត ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជា កំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “៕ អត្ថបទ ស៊ុមសុខជា


