ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតអាហារូបករណ៍ដែលត្រៀមចេញទៅសិក្សានៅប្រទេសនូវែលសេឡង់ទាំងអស់ចូលរួមផ្សព្វផ្សាយពីកិត្យានុភាពជាតិនានាទៅកាន់ឆាកអន្តរជាតិ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន៣៧នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ មុនពេលចេញទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់នាពេលខាងមុខ។
នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងការអបអរសាទរ និងបង្ហាញនូវមោទនភាព ព្រមទាំងក្តីសប្បាយរីករាយចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ ដែលជាអាហារូបករណ៍មួយមានការប្រកួតប្រជែងកម្រិតខ្ពស់។
ក្នុងនាមរដ្ឋសភា ឯកឧត្តមបណ្ឌិត ជាម យៀប បានសម្តែងនូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ខណៈបច្ចុប្បន្នមាននិស្សិតជ័យលាភីចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទៅសិក្សារៀនសូត្រ។
ឯកឧត្តមបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍បង្ហាញពីស្ថាប័ននីតិប្បញ្ញត្តិដល់ក្រុមនិស្សិតទាំងអស់បានយល់ដឹង ទាក់ទងនឹងកិច្ចការងារដែលរដ្ឋសភាបានខិតខំបំពេញយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យក្លាយជានីតិរដ្ឋ មានការអភិវឌ្ឍរីកចម្រើនជឿនលឿន ស្របទៅតាមតួនាទី ភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភាជាដើម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានធ្វើការផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗពីនិស្សិតនានា ដែលជាការឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងការទទួលយក។
ឯកឧត្តមបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជននូវែលសេឡង់ និងបណ្តាមិត្តភ័ក្ត្របរទេសឱ្យគេមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕ អត្ថបទ៖ សេក ឧត្តម