អាជ្ញាធរអន្តោប្រវេសន៍ប៉ាណាម៉ា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ មករា) ថា ជនអន្តោប្រវេសន៍ជាង ៣០០.០០០នាក់ បានឆ្លងកាត់ផ្លូវ Darien Gap ទៅកាន់ប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ២០២៤ តិចជាងចំនួនកំណត់ត្រា ៤២% ដែលបានធ្វើដំណើរឆ្លងកាត់ព្រៃដ៏គ្រោះថ្នាក់ពីអាមេរិកខាងត្បូង កាលពីឆ្នាំ២០២៤។

ផ្លូវ Darien Gap ដ៏គ្រោះថ្នាក់តភ្ជាប់ប្រទេសកូឡុំប៊ី ជាមួយប្រជាជាតិអាមេរិកកណ្តាលប៉ាណាម៉ា ហើយចំនួនជនអន្តោប្រវេសន៍កាន់តែច្រើនកំពុងធ្វើដំណើរទៅភាគខាងជើងដើម្បីទៅដល់សហរដ្ឋអាមេរិក។
ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានប្រកាន់ជំហរតឹងលើការធ្វើអន្តោប្រវេសន៍ចាប់តាំងពីចូលកាន់តំណែងកាលពីខែកក្កដា ឆ្នាំមុនមក រួមទាំងការហ៊ុមព័ទ្ធផ្នែកខ្លះនៃទន្លេ Darien ដោយលួសបន្លា ការផាកពិន័យ និងប្រើប្រាស់ជើងហោះហើរដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក ដើម្បីនិរទេសជនអន្តោប្រវេសន៍។

មន្ត្រីប៉ាណាម៉ា និយាយថា ជនអន្តោប្រវេសន៍ចំនួន ៣០២.២០៣នាក់ បានឆ្លងកាត់ទន្លេ Darien កាលពីឆ្នាំមុន ធ្លាក់ចុះ ៤២% ពីតួលេខកំណត់ត្រាចំនួន ៥៤០.០៨៥នាក់ ក្នុងឆ្នាំ២០២៣ ហើយប្រហែល ៦៩% នៃជនអន្តោប្រវេសន៍ក្នុងឆ្នាំ២០២៤ ទាំងនោះគឺជាជនជាតិវេណេស៊ុយអេឡា។ ប្រជាជនវេណេហ្ស៊ុយអេឡា ជាច្រើនបាននិងកំពុងភៀសខ្លួនចេញពីការដួលរលំសេដ្ឋកិច្ចដ៏យូរអង្វែង នៅក្នុងប្រទេសផលិតប្រេងនៅអាមេរិកខាងត្បូង ដែលធ្លាប់តែរីកចម្រើនរុងរឿងមួយនេះ៕