ភ្នំពេញ៖ គម្រោង អិមអិល ធារ៉ា (ML TIARA) ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កាលពីសប្តាហ៍កន្លងទៅនេះ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈជាមួយកញ្ញា មាន សូនីតា ដែលគ្រប់គ្នាស្គាល់គាត់ថាជា “រាជនីក្រម៉ា” ជាបុគ្គលសាធារណមួយរូប ដែលតែងតែចូលរួមសកម្មភាពសង្គមនានា និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព។
នៅក្នុងពិធីនាឱកាសនោះ លោកស្រី លី ធីតា នាយិការគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក បានមានប្រសាន៍ថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយកកញ្ញា មាន សូនីតា ជាទូតសុឆន្ទៈ ដោយសារក្រុមហ៊ុនមើលឃើញថា កញ្ញាស្រឡាញ់ និងចូលចិត្តការរស់នៅក្នុងបរិបទថ្មី គឺការរស់នៅជាមួយធម្មជាតិ ការរស់នៅបែបស៊ីវិល័យ ប្រណិតភាព និងលក្ខណៈឯកជនភាព ស្របទៅនឹងទស្សនៈវិស័យរបស់គម្រោង ML TIARA ដែលបាននឹងកំពុងផ្តល់ជូនដល់អតិថិជនរបស់ខ្លួន។
ក្នុងឱកាសនោះ កញ្ញា មាន សូនីតា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងបុរី និងបានលើកឡើងបន្តថា មូលហេតុដែលធ្វើឲ្យកញ្ញាមានមោទនៈភាព ចំពោះការក្លាយខ្លួនជាទូតសុឆន្ទៈរបស់គម្រោង ML TIARA គឺដោយមើលឃើញពីភាពច្នៃប្រឌិតខ្ពស់ ភាពស៊ីវិល័យ ប្រណិតភាពនៃម៉ូតផ្ទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបនៅក្នុងគម្រោងទាំងមូល និងសមស្របនឹងចំណូលចិត្ត និងអត្តចរិករបស់កញ្ញាផ្ទាល់។
សូមបញ្ជាក់ថា គម្រោងបុរីML TIARA សាងសង់លើផ្ទៃដីដ៏ធំទូលាយសរុបជាង ១៥ហិកតា ដែលជាគម្រោងលំនៅដ្ឋានបែបទំនើបទាន់សម័យ មានទីតាំងស្ថិតក្នុងតំបន់សក្ដានុពលអភិវឌ្ឍន៍ខ្ពស់ ក្បែរស្ដុបមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ ផ្សារទំនើបអ៊ីអន៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលកំពុងបន្តការសាងសង់យ៉ាងមមាញឹក។ គម្រោង មានអាជ្ញាបណ្ណសាងសង់ ដែលធានានូវលក្ខណៈបច្ចេកទេស គុណភាព និងសោភណ្ឌភាព ជាមួយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប រួមមានប្រព័ន្ធលូ ទឹក-ភ្លើង ផ្លូវថ្នល់ខ្វាត់ខ្វែងធំទូលាយ ដើមឈើ និងសួនច្បារធំៗ អមដោយធម្មជាតិបៃតងស្រស់បំព្រង អាងហែលទឹក ក្លិបហាត់ប្រាណ កន្លែងក្មេងលេងធំទូលាយ និងការរស់នៅជាមួយធម្មជាតិ៕ ដោយ៖ ឈិត បូរ៉ាវី
















