ការបិទការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់តំបន់ Transnistria ដែលផ្ដាច់ខ្លួនចេញពីប្រទេសម៉ុលដាវី បានបង្ខំឱ្យបិទក្រុមហ៊ុនឧស្សាហកម្មទាំងអស់ លើកលែងតែក្រុមហ៊ុនផលិតអាហារ។

ទឹកដីដែលនិយាយភាសារុស្ស៊ីភាគច្រើន ដោយមានប្រជាជនប្រហែល ៤៥០.០០០នាក់ និងបានបំបែកចេញពីម៉ុលដាវី ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលសហភាពសូវៀតបានដួលរលំមួយនេះ បានរងការវាយប្រហារយ៉ាងឈឺចាប់ និងភ្លាមៗ ពីការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី កាលពីថ្ងៃពុធ ទៅកាន់អឺរ៉ុបកណ្តាល និងខាងកើតតាមរយៈអ៊ុយក្រែន។

អ៊ុយក្រែន បានអនុញ្ញាតឱ្យរុស្ស៊ី បន្តបញ្ជូនឧស្ម័ននៅទូទាំងទឹកដីរបស់ខ្លួនបើទោះបីជាមានសង្រ្គាមជិតបីឆ្នាំក៏ដោយ ហើយរកចំណូលបានរហូតដល់ទៅ ១ពាន់លានដុល្លារក្នុងមួយឆ្នាំជាថ្លៃដឹកជញ្ជូន ប៉ុន្តែទីក្រុងគីវ បានបដិសេធមិនបន្តកិច្ចសន្យារយៈពេលប្រាំឆ្នាំ ដែលផុតកំណត់កាលពីថ្ងៃពុធ ០១ មករា។

អ្នកទិញឧស្ម័ននៅអឺរ៉ុប ដូចជាស្លូវ៉ាគី និងអូទ្រីស បានត្រៀមខ្លួនសម្រាប់ការកាត់ផ្តាច់ដោយរកការផ្គត់ផ្គង់ជំនួស ប៉ុន្តែតំបន់ Transnistria —ទោះបីជាមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ និងវត្តមានទាហានរុស្ស៊ី ១.៥០០នាក់នៅទីនោះក៏ដោយ— ក៏នៅតែត្រូវប៉ះពាល់ដែរ៕