ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពុំមានសុវត្ថិភាពសម្រាប់ជនស៊ីវិលនៅគ្រប់ទីកន្លែង ក្នុងតំបន់ហ្កាហ្សានោះទេ ដោយជាង៨០ភាគរយនៃតំបន់នេះ ស្ថិតក្រោមបទបញ្ជាជម្លៀស របស់អ៊ីស្រាអែល។

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថាទីភ្នាក់ងារUNRWA បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា «គ្មានតំបន់មនុស្សធម៌ណា ត្រូវបានអនុញ្ញាតឱ្យនៅដាច់តែឯងជា តំបន់សុវត្ថិភាពទេ» ។

លោក បានអំពាវនាវឱ្យបញ្ចប់បទបញ្ជាជម្លៀសដែលនាំឲ្យយល់ខុស និងការសម្លាប់ជនស៊ីវិល ដោយព្រមានថា ជារៀងរាល់ថ្ងៃបើគ្មានបទឈប់បាញ់ទេ វានឹងនាំមកនូវសោកនាដកម្មកាន់តែច្រើន។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា យោធាអ៊ីស្រាអែល បានបញ្ជាឱ្យជម្លៀសនៅតំបន់ធំៗក្នុងតំបន់ហ្កាហ្សា ដោយលើកឡើងពីការបាញ់គ្រាប់រ៉ុក្កែត ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
អង្គការ OCHA បាននិយាយថា ជាង៨០ភាគរយនៃតំបន់ហ្កាហ្សា ស្ថិតនៅក្រោមបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ដែលពុំត្រូវបានដកទៅវិញ។ ក្នុងពេលមានស្ថានភាពនេះ អង្គការ OCHA ព្រមានថាសមត្ថភាពរបស់អង្គការមនុស្សធម៌ដើម្បីជួយប្រជាជនដែលត្រូវការជំនួយនៅទូទាំងតំបន់ហ្កាហ្សា គឺកាន់តែថយចុះថែមទៀត។
ក្រុមមនុស្សធម៌បាននិយាយថា ការរឹតត្បិតធ្ងន់ធ្ងរបំផុតមួយចំនួនលើសកម្មភាពមនុស្សធម៌ ត្រូវបានកត់ត្រាកាលពីខែមុន រួមទាំងការរារាំងមិនឲ្យចូលទៅកាន់តំបន់ព្រំដែនដើម្បីប្រមូលការផ្គត់ផ្គង់ ការបដិសេធបំណងដើម្បីដឹកជញ្ជូនជំនួយ និងសេវានានា ឬការវាយតម្លៃតម្រូវការនៅទូទាំងតំបន់ហ្កាហ្សា។