នៅក្នុងឆ្នាំថ្មីនេះ គោលនយោបាយរដ្ឋបាលអាមេរិកថ្មីក្រោមការដឹកនាំរបស់លោក Donald Trump ចំពោះប្រទេសចិន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើជម្លោះសមុទ្រចិនខាងត្បូង។ ជម្លោះដែនទឹកនោះធ្ងន់ធ្ងររួចទៅហើយក្នុងឆ្នាំ២០២៤ ប៉ុន្តែឆ្នាំនេះ ភាពតានតឹងទំនងជានឹងកើនឡើងកាន់តែអាក្រក់បន្ថែមទៀត។

កាលឆ្នាំ២០២៤ ជម្លោះរវាងហ្វីលីពីន និងចិន បានកើនឡើងដល់កម្រិតថ្មីដ៏គ្រោះថ្នាក់។ រដ្ឋបាលលោកប្រធានាធិបតី Ferdinand Marcos Jr. បានបន្តរុញច្រានប្រឆាំងនឹងចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន នៅថ្មប៉ប្រះទឹក Second Thomas Shoal ខណៈភាគីទាងពីរបានចោទដាក់គ្នាទៅមកពីសកម្មភាពកម្រាល និងការប៉ះទង្គិចនានា។

អ្នកសង្កេតការណ៍ខ្លះបារម្ភថា សមុទ្រចិនខាងត្បូងកាន់តែគ្រោះថ្នាក់ជាងច្រកសមុទ្រតៃវ៉ាន់ ហើយប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ អាមេរិកអាចនឹងបង្ខំចិត្តធ្វើអន្តរាគមន៍គាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបង្កឱ្យមានវិបត្តិធំក្នុងទំនាក់ទំនងអាមេរិក-ចិន។

ជាសំណាងល្អ រឿងនោះមិនបានកើតឡើងទេ ដោយសារកិច្ចព្រមព្រៀងរវាងហ្វីលីពីន និងចិន ដើម្បីកាត់បន្ថយភាពតានតឹងនៅដែនទឹកជម្លោះ Second Thomas Shoal ។ ប៉ុន្តែគេមិនច្បាស់ទេថា តើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងក្នុងឆ្នាំថ្មីឬក៏អត់ ជាពិសេសក្នុងពេលដែលទីក្រុងប៉េកាំង ចង់សាកល្បងការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក Trump រវាងសម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន និងទំនាក់ទំនងអាមេរិក-ចិន៕