ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់ ៥០០យ័ន ឬស្មើនឹង ៦៨,៥០ដុល្លារអាមេរិក លើម៉ូដែលទូរសព្ទ iPhone ចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ ប្រឹងប្រែងការពារចំណែកទីផ្សាររបស់ខ្លួនប្រឆាំងនឹងកំណើនការប្រកួតប្រជែងពីគូប្រជែងក្នុងស្រុកដូចជា Huawei។

ការផ្តល់ជូនពិសេសរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែមករា នោះ ធ្វើឡើងចំពោះម៉ូដែល iPhone ជាច្រើននៅពេលទិញដោយប្រើវិធីបង់ប្រាក់ជាក់លាក់ នេះបើយោងតាមគេហទំព័ររ Apple។

ទូរសព្ទស៊េរីចុងក្រោយ iPhone 16 Proដែលមានតម្លៃចាប់ផ្តើម ៧.៩៩៩យ័ន និង iPhone 16 Pro Max ជាមួយនឹងតម្លៃចាប់ផ្តើម ៩.៩៩៩យន់ នឹងមានការបញ្ចុះតម្លៃខ្ពស់បំផុត ៥០០យ័ន ចំណែក iPhone 16 និង iPhone 16 Plus នឹងទទួលបានការបញ្ចុះតម្លៃ ៤០០យ័ន។

ការបញ្ចុះតម្លៃនេះកើតឡើងនៅពេលអ្នកប្រើប្រាស់នៅតែប្រុងប្រយ័ត្នជាមួយនឹងការចំណាយ ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ និងសម្ពាធបរិត្តផរណារបស់ចិន ដោយអតិផរណាអ្នកប្រើប្រាស់របស់ប្រទេសនេះបានឈានដល់កម្រិតទាបរយៈពេល ៥ខែនៅក្នុងខែវិច្ឆិកា។ ក្រុមហ៊ុន Apple កំពុងប្រជែងជាមួយនឹងការធ្លាក់ចុះចំណែកទីផ្សារនៅក្នុងប្រទេសចិន ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដោយក្រុមហ៊ុនផលិតក្នុងស្រុកមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង៕