ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រ (០៣ មករា) នេះបាននិយាយថា កូរ៉េខាងត្បូង កំពុងស្ថិតក្នុងភាពវឹកវរ ចលាចល និងជាប់គាំងផ្នែកនយោបាយ ជុំវិញការប៉ុនប៉ងរបស់អ្នកស៊ើបអង្កេតដើម្បីអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីដែលត្រូវចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk Yeol។

របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ នេះគឺជាការអត្ថាធិប្បាយដ៏កម្រមួយអំពីភាពចលាចលនយោបាយរបស់កូរ៉េខាងត្បូង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមិនរាប់បញ្ចូលឈ្មោះមន្ត្រីណាម្នាក់ឡើយ។

KCNA បានសរសេរថា "នៅក្នុងកូរ៉េខាងត្បូង ដីកាឃុំខ្លួនដែលចេញសម្រាប់ប្រធានាធិបតី ធ្វើឱ្យខូចកិច្ចការរដ្ឋ និងធ្វើឱ្យមានភាពវឹកវរផ្នែកសង្គម និងនយោបាយកាន់តែស៊ីជម្រៅ"។

គួររម្លឹកថា លោក Yoon បានចេញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែមុន ដែលនាំទៅដល់ការចោទប្រកាន់ទម្លាក់តំណែង ហើយឥឡូវនេះ លោកប្រឈមមុខនឹងការចាប់ខ្លួន ដាក់ពន្ធនាគារ ឬអាក្រក់បំផុតនោះគឺការកាត់ទោសប្រហារជីវិត៕