នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លោក Robert Fico បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្ស Smer-SD របស់លោក បានត្រៀមខ្លួនរួចរាល់ដើម្បីពិភាក្សាជាមួយដៃគូចម្រុះ អំពីវិធានការទៅវិញទៅមកប្រឆាំងអ៊ុយក្រែន បន្ទាប់ពីការបញ្ជូនឧស្ម័នរបស់រុស្ស៊ី ត្រូវបានបញ្ឈប់។

លោក Fico បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា វិធានការនេះ អាចរួមមានទាំងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសអ៊ុយក្រែន និងកំណត់ការគាំទ្រដល់ពលរដ្ឋអ៊ុយក្រែននៅក្នុងប្រទេសស្លូវ៉ាគី។ លោក Fico បានចាត់ទុកស្ថានភាពនេះថា «ធ្ងន់ធ្ងរបំផុត និងសមនឹងទទួលបានការឆ្លើយតបដ៏ខ្លាំងក្លាពីប្រទេសស្លូវ៉ាគី»។

លោក និយាយថា ប្រទេសស្លូវ៉ាគី នឹងខាតបង់ប្រាក់ ៥០០លានអឺរ៉ូ ឬ(៥១៣លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ក្នុងតម្លៃបញ្ជូនឧស្ម័ន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រេចចិត្តបញ្ឈប់ការបញ្ជូនឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ប្រទេសអ៊ុយក្រែន។ លំហូរឧស្ម័នទៅកាន់ប្រទេសស្លូវ៉ាគី ត្រូវបានបញ្ឈប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចសន្យាឆ្លងកាត់ បានផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
លោក Fico បានសង្កត់ធ្ងន់ថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលទទួលផលប្រយោជន៍ពីការសម្រេចចិត្តរបស់ លោក Zelensky តាមរយៈការនាំចេញឧស្ម័នដែលត្រូវបង្កើន ទៅកាន់ទ្វីបអឺរ៉ុប ខណៈរុស្ស៊ី មិនប្រឈមផលប៉ះពាល់អ្វីធ្ងន់ធ្ងរ នោះទេ។