យោធា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងទួរគី «បានសម្លាប់» «ភេរវករ» ជាង ៣.០០០ នាក់ នៅក្នុងប្រតិបត្តិការយោធាឆ្លងព្រំដែន នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ នេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីអង់ការ៉ា (Ankara) អ្នកនាំពាក្យក្រសួងការពារជាតិ លោក Zeki Akturk បានថ្លែងថា ក្នុងឆ្នាំ ២០២៤ កងកម្លាំងទួរគី «បានសម្លាប់ » «ភេរវករ»ចំនួន ៣.០៧០ នាក់ ក្នុងនោះ ១.៥៧៩ នាក់ នៅភាគខាងជើងប្រទេសស៊ីរី និង១.៤៩១នាក់ នៅភាគខាងជើងអ៊ីរ៉ាក់។
អាជ្ញាធរទួរគីប្រើពាក្យថា «សម្លាប់» ដើម្បីបញ្ជាក់ថា បុគ្គលដែលត្រូវគេងសង្ស័យ បានចុះចាញ់ ត្រូវបានសម្លាប់ ឬ ត្រូវបានចាប់ខ្លួន។
លោកបានបន្ថែមថា «ភេរវករ» សរុបចំនួន ៤៩នាក់ ត្រូវបាន «សម្លាប់» ក្នុងសប្តាហ៍កន្លងនេះ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីក្រុមដែលពួកគេជាប់ពាក់ព័ន្ធនោះទេ។

យោងតាមលោក Akturk បានឲ្យដឹងថា កងកម្លាំងទួរគី «បានរកឃើញរូងភ្នំរបស់ក្រុមភេរវករ ដែលមានផ្នែកជាច្រើន ដែលមានអាវុធ គ្រាប់រំសេវ និងសម្ភារៈផ្គត់ផ្គង់សម្រាប់ការរស់នៅ» នៅក្នុងតំបន់ប្រតិបត្តិការ Claw-Lock នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ប្រទេសទួរគី បានចាប់ផ្តើមប្រតិបត្តិការ Claw-Lock នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០២២ ដើម្បីរុះរើកន្លែងលាក់ខ្លួនរបស់គណបក្សពលករឃើដ (PKK)។ ដោយត្រូវបានចាត់ទុក ជាអង្គការភេរវកម្មដោយ ទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គណបក្សពលករឃើដ (PKK)នេះ បានធ្វើការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ ប្រឆាំងនឹងរដ្ឋាភិបាលទួរគី។