បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ហើយក្រោយយកឈ្នះក្រុមដែលមានគ្នាតែ ១០នាក់ Atletico Madrid ២-០។ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota បើកការនាំមុខឱ្យ Liverpool នៅនាទីទី១៣ មុនពេលដែល Sadio Mane បន្ថែមមួយគ្រាប់ទៀតនៅនាទីទី២១។

ក្រុមរបស់លោក Diego Simeone ក្រោយមកក៏បាត់បង់កីឡាករម្នាក់មុនចប់វគ្គទី១ នៅពេល Felipe ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។ អតីតខ្សែប្រយុទ្ធ Liverpool, Luiz Suarez មានឱកាសស៊ុតបញ្ចូលទីលើអតីតក្រុមរបស់ខ្លួនដែរតែ VAR បញ្ជាក់ថាជាគ្រាប់បាល់ Off-Side។ ចប់ការប្រកួត Liverpool យកឈ្នះ Atletico Madrid ២-០ ដែលជាជ័យជំនះ ៤ប្រកួតផ្ទួនៗក្នុងពូល B នេះមាន ១២ពិន្ទុពេញធានាបានកៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈក្រុមជើងឯកអេស្ប៉ាញធ្លាក់ទៅលេខ៣ មាន ៤ពិន្ទុ។

ចំណែកមួយគូទៀត Porto បានឡើងមកលេខ២ ក្នុងពូលក្រោយស្មើនៅទឹកដី AC Milan ១-១។ ក្រុមភ្ញៀវ Porto នាំមុខមុនដោយ Luis Diaz តាំងពីនាទីទី៦ តែគ្រាប់បាល់ចូលទីខ្លួនឯងនៅនាទីទី៦១ របស់ Chancel Mbemba ធ្វើឱ្យ Porto បាត់បង់បីពិន្ទុ។ បីក្រុមនៅក្នុងពូល B នេះរួមមាន Porto, Atletico Madrid និង AC Milan នៅសល់ឱ្យពីរប្រកួតទៀតដើម្បីរកក្រុមលេខ២ ឡើងជុំបន្ត៕
អត្ថបទ៖នាង សុភាវុធ