លោក Abdul-Malik al-Houthi ដែលជាមេដឹកនាំនៃចលនា Ansarullah នៅប្រទេសយេម៉ែន បានថ្កោលទោសការដុតមន្ទីរពេទ្យ Kamal Adwan នាពេលថ្មីៗនេះ ដោយរបបអ៊ីស្រាអែល ដោយហៅការដុតនេះ ថា ជា «ឧក្រិដ្ឋកម្មដ៏សាហាវ» និងជាឧទាហរណ៍នៃភាពឥតកោតក្រែងរបស់របបនេះ។

នៅក្នុងសុន្ទរកថាដែលបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ លោក al-Houthi បានពណ៌នាការវាយប្រហារថា ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលប្រព្រឹត្តដោយរបបអ៊ីស្រាអែល។ លោកបញ្ជាក់ថា ការបំផ្លាញមន្ទីរពេទ្យនេះ បានធ្វើឲ្យសេវាព្យាបាលរបស់ខ្លួន ត្រូវបានផ្អាកទាំងស្រុង។

លោកបានអះអាងដោយគូសបញ្ជាក់ពីវិបត្តិមនុស្សធម៌ ដែលកំពុងបន្តកើតមានក្នុងទឹកដី ដែលត្រូវឡោមព័ទ្ធនេះថា«សម្រាប់រយៈពេល ១៥ខែជាប់គ្នា សត្រូវដែលជាជនជាតិជ្វីហ្វ បន្តសម្លាប់រង្គាលប្រជាជន នៅតំបន់ហ្កាហ្សា»។
លោក Al-Houthi ក៏បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហារដែលធ្វើឡើង ដោយអាជ្ញាធរប៉ាឡេស្ទីន ដោយរិះគន់តួនាទីរបស់ខ្លួន នៅក្នុងជម្លោះ។
មេដឹកនាំចលនា Ansarullahនេះ បានថ្កោលទោសបន្ថែមទៀតចំពោះការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសលីបង់ដោយរបបអ៊ីស្រាអែល ការវាយប្រហាររបស់ខ្លួនលើពលរដ្ឋស៊ីរី និងការបន្តរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ នៅក្នុងតំបន់។ លោកបាននិយាយថា៖«ជនជាតិជ្វីហ្វ នព្យាយាមធ្វើឲ្យអាម៉ាស់មុខនិងគាបសង្កត់ពលរដ្ឋស៊ីរី» ដោយបន្ថែមថា ប្រទេសអារ៉ាប់កំពុងត្រូវបានជំរុញឲ្យមានជម្លោះផ្ទៃក្នុងដោយយុទ្ធសាស្ត្របែកបាក់របស់របបនេះ។