រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidanកាលពីថ្ងៃព្រហស្បតិ៍ បានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មយ៉ាងឆាប់រហ័សសម្រាប់ការកសាងប្រទេសស៊ីរីឡើងវិញ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកលោក Bernard Quintin ក្នុងទីក្រុងអង់ការ៉ា។

លោក Fidan បាននិយាយថា៖«យើងបានឈានដល់ការឯកភាពគ្នាលើភាពចាំបាច់នៃការផ្តល់ធនធានទាំងនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Fidan ក៏បានអំពាវនាវឲ្យធ្វើមាតុភូមិនិវត្តន៍នូវអ្នកជាប់ឃុំរដ្ឋឥស្លាម (IS) ដែលបច្ចុប្បន្នកំពុងជាប់ នៅក្នុងជំរំ និងពន្ធនាគារ ក្នុងប្រទេសស៊ីរី ដោយប្រទេសកំណើតរបស់ពួកគេ។

លោកFidan បានលើកឡើងថា៖«ការរក្សាទុកពួកគេនៅទីនេះ ដោយគ្មានកំណត់ ដោយគ្មាននីតិវិធីច្បាប់ ឬផែនការច្បាស់លាស់សម្រាប់អនាគតរបស់ពួកគេ បានក្លាយជាប្រភពនៃវិបត្តិដ៏សំខាន់ នៅក្នុងតំបន់»។
លោកក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី ដើម្បីទទួលខុសត្រូវចំពោះសន្តិសុខនៃជំរំ និងពន្ធនាគារទាំងនេះឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយបន្ថែមថា ប្រទេសទួរគី ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្រ។
ចំណែកលោក Quintin បាននិយាយថា បែលហ្ស៊ិកអាចជួយដកទណ្ឌកម្មចេញ ប៉ុន្តែនឹងផ្អែកលើសកម្មភាពបន្ថែមទៀតលើចំណាត់ការដែលធ្វើឡើងដោយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី។