យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងពិសេសរបស់ខ្លួន បានវាយឆ្មក់លើទីតាំងផលិតមីស៊ីលក្រោមដីមួយកន្លែង នៅក្នុងប្រទេសស៊ីរី ក្នុងខែកញ្ញា ដែលវាត្រូវបាននិយាយថា ត្រូវបានបង្កើតឡើង ដើម្បីផលិតមីស៊ីលរាប់រយគ្រាប់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ីស្រាអែលដោយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក វរសេនីយ៍ទោ Nadav Shoshani បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយជាមួយអ្នកសារព័ត៌មានថា អគារនៅជិតទីក្រុង Masyaf ក្នុងខេត្ត Hama ក្បែរឆ្នេរសមុទ្រមេឌីទែរ៉ាណេ គឺជា «ទីតាំងដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងផលិតរបស់អ៊ីរ៉ង់ នៅក្នុងតំបន់របស់យើង»។

លោកបាននិយាយថា៖ «រោងចក្រនេះ ត្រូវបានបង្កើតឡើង ដើម្បីផលិតមីស៊ីលយុទ្ធសាស្ត្ររាប់រយគ្រាប់ក្នុងមួយឆ្នាំ ពីដើមដល់ចប់សម្រាប់ក្រុមហេសបូឡា ដើម្បីប្រើក្នុងការវាយប្រហារតាមអាកាសរបស់ពួកគេលើអ៊ីស្រាអែល»។
លោកបានបន្ថែមថា រោងចក្រនេះដែរ ស្ថិតនៅជើងភ្នំមួយ កំពុងត្រូវបានត្រួតពិនិត្យមើល ដោយចារកម្ម អ៊ីស្រាអែល ចាប់តាំងពីការងារសាងសង់ បានចាប់ផ្តើមនៅឆ្នាំ ២០១៧ ហើយកំពុងស្ថិតនៅលើចំណុចដែលអាចផលិតមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចវាយប្រហារគោលដៅជាក់លាក់ ដោយមីស៊ីលខ្លះមាន រយៈចម្ងាយឆ្ងាយ រហូតដល់ ៣០០ គីឡូម៉ែត្រ (១៩០ម៉ាយ)។