ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump អាចជាអ្នកមានឥទ្ធិពលលើសង្រ្គាមរយៈពេល ៣៤ខែជាមួយប្រទេសរុស្ស៊ី និងជួយបញ្ឈប់មេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin។
អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែន លោក Zelensky ដែលប្រឈមនឹងការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន បាននិយាយថា លោក Trump បានប្រាប់លោកថា លោកនឹងក្លាយជាមនុស្សដំបូងគេដែលមកទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោកចូលកាន់តំណែងប្រធានាធិបតីក្នុងខែនេះ។

ជាមួយគ្នានេះ លោក Zelensky ក៏បាននិយាយផងដែរថា អាទិភាពមួយ គឺធ្វើឲ្យមានស្ថិរភាពនៅសមរភូមិជួរមុខ ដើមឆ្នាំថ្មីនេះ ហើយលោកបានបន្តថា លោក Putin មានការភ័យខ្លាចមិនចង់ចរចា ព្រោះវានឹងមានន័យស្មើនឹងការបរាជ័យ សម្រាប់រុស្ស៊ី។ លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នេះថា៖ «លោក Trump អាចជាមានលទ្ធភាពសម្រេច។ សម្រាប់ពួកយើង នេះគឺជារឿងសំខាន់បំផុត»។
លោក Zelensky បាននិយាយអំពីលោក Trump ថា៖ «ពិតណាស់ លោកមានគុណសម្បត្តិ។ លោកអាចមានលទ្ធភាពសម្រេច សម្រាប់សង្រ្គាមនេះ។ លោកមានសមត្ថភាពអាចបញ្ឈប់លោក Putin ឬនិយាយឲ្យកាន់តែយុត្តិធម៌នោះ គឺជួយពួកយើងបញ្ឈប់លោក Putin។ លោកអាចធ្វើបាន»៕
