ដោយដកស្រង់សម្ដីពីមន្ត្រីរដ្ឋបាល ២រូបដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ អំពីបញ្ហានេះ សារព័ត៌មាន Washington Post (WP) បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចរារាំងជាផ្លូវការ ចំពោះសំណើទិញក្រុមហ៊ុនដែកថែប US Steel ពីសំណាក់ក្រុមហ៊ុន Nippon Steel របស់ជប៉ុន។
គួរបញ្ជាក់ថា គណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក (CFIUS) នៅមុននេះ បានបង្វែរការសម្រេច ដើម្បីអនុម័ត ឬរារាំងកិច្ចព្រមព្រៀងនេះទៅលោក Biden ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ការប្រកាសរបស់លោក Biden ក្នុងការរារាំងកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងប្រឆាំងពីទីប្រឹក្សាជាន់ខ្ពស់មួយចំនួនរបស់លោក ដោយសារមានក្ដីបារម្ភថា ការសម្រេចបែបនេះអាចបំផ្លាញទំនាក់ទំនងអាមេរិក-ជប៉ុន។
អ្នកនាំពាក្យសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយលើសេចក្ដីរាយការន៍នេះ ប៉ុន្តែបានបន្ថែមថា ការសម្រេចចិត្តរបស់លោក Biden ត្រូវបានគេរំពឹងថា កើតមាននៅថ្ងៃសុក្រ (ទី៣ ខែមករា) នេះ។ មិនខុសគ្នាដែរ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Nippon Steel បានបដិសេធមិនធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងរបាយការណ៍នេះ។
ដោយបានផ្ញើដោយផ្ទាល់ទៅទីភ្នាក់ងារសារព័ត៌មាន Reuters នូវសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកកាលពីព្រឹកថ្ងៃទី២ ខែមករា ក្រុមហ៊ុន US Steel បានលើកឡើងថា ខ្លួនសង្ឃឹមថា «លោក Biden នឹងធ្វើរឿងដ៏ត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវច្បាប់ ដោយអនុម័តប្រតិបត្តិការដែលពង្រឹងដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់»៕

