បាល់ទាត់៖ ក្រុមហូឡង់ Ajax Amsterdam បានបន្តស្ថិតិឈ្នះ ១០០% ក្រោយវាយបកពីក្រោយយកឈ្នះនៅទឹកដីអាល្លឺម៉ង់ Dortmund ៣-១។ ក្រុមម្ចាស់ផ្ទះបាត់បង់កីឡាករម្នាក់នៅនាទីទី២៩ នៅពេលខ្សែការពារអាល្លឺម៉ង់ Mats Hummels ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។

តែគ្នាតិចជាងមែន Dortmund ក៏រកបានគ្រាប់នាំមុខដោយបាល់ ១១ម៉ែត្ររបស់ Marco Reus ក្រោយកំហុសរបស់ខ្សែការពារ Ajax លើ Juse Bellingham។ តែចូលវគ្គទី២ ស្ថានភាពកែប្រែទាំងស្រុងនៅពេល Ajax វាយបក ៣គ្រាប់វិញដោយ Dusan Tadic នាទីទី៧២ អតីតខ្សែប្រយុទ្ធ West Ham, Sebastian Haller នាទីទី៨៣ និង Davy Klaassen នាទីទី៩០+៣។ បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Erik Ten Hag កក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយមាន ១២ពិន្ទុពេញពីការប្រកួត ៤លើក ខណៈ Dortmund ឈរលេខ២ មាន ៦ពិន្ទុស្មើគ្នាជាមួយក្រុមលេខ៣ Sporting Lisbon។

ក្រុមជើងឯកព័រទុយហ្កាល់ Sporting Lisbon បានបំបាក់ក្រុមភ្ញៀវទួរគី Besiktas ៤-០ ដោយគ្រាប់បាល់របស់ Pedro Goncalves ២គ្រាប់ម្នាក់ឯង, Paulinho ១គ្រាប់ និង Pablo Sarabia ១គ្រាប់។ Besiktas បន្តគ្មានពិន្ទុរាប់ដដែលក្នុងពូល C នេះក្រោយចាញ់ទាំង ៤ប្រកួត៕
អត្ថបទ៖នាង សុភាវុធ