យោធាអ៊ីស្រាអែល បានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយានដ្រូនដែលបានបាញ់ចេញពីប្រទេសយេម៉ែន នៅថ្ងៃសុក្រនេះ ដែលជាការវាយប្រហារចុងក្រោយបំផុតពីប្រទេសនេះ ដែលបានកំណត់ គោលដៅលើអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា៖«មីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់»។

«របាយការណ៍មួយ ត្រូវបានទទួលទាក់ទងនឹងបំណែកមីស៊ីលពីការស្ទាក់ចាប់ ដែលបានធ្លាក់នៅក្នុងតំបន់ Modi'in នៅភាគកណ្តាលអ៊ីស្រាអែល។ ព័ត៌មានលម្អិត កំពុងត្រូវបានត្រួតពិនិត្យ»។
អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល លោក Magen David Adom បានរាយការណ៍ថា ខ្លួនបានព្យាបាលមនុស្សមួយចំនួនដែលរងរបួស ឬជួបប្រទះការវាយប្រហារភ័យស្លន់ស្លោ នៅពេលធ្វើដំណើរទៅកាន់ទីជម្រក បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើង នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសនេះ។
ប៉ុន្មានម៉ោងក្រោយមក យោធា បានប្រកាសថា ខ្លួនក៏បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងចេញពីប្រទេសយេម៉ែនផងដែរ។ យោធាបានបន្ថែមថា យនានដ្រូន ត្រូវបានស្ទាក់ចាប់ មុនពេលវាចូលទៅក្នុងប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃអង្គារ អ៊ីស្រាអែល ក៏បាននិយាយដែរថា ខ្លួនបានស្ទាក់ចាប់មីស៊ីលមួយគ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន។
