រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានទៅដល់ប្រទេសស៊ីរី នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសលីបង់ដែលនៅជិតខាង ជាកន្លែងដែលលោកបានជួបជាមួយអ្នកនយោបាយជាន់ខ្ពស់លីបង់ រួមទាំងប្រធានសភាជើងចាស់លោក Nabih Berry។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅស្ថានទូតបារាំង ក្នុងទីក្រុងដាម៉ាស ( Damascus) លោក Barrot បានសម្តែងក្តីសង្ឃឹមរបស់ខ្លួនចំពោះ «អធិបតេយ្យភាព ស្ថិរភាព និងសន្តិភាព» នៅប្រទេសស៊ីរី។
លោកបានបន្ថែមថា នេះក៏ជាក្តីសង្ឃឹម ដែលសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរីទាំងអស់ អាចសម្រេចបាន» ប៉ុន្តែវាជាក្តីសង្ឃឹមដ៏ផុយស្រួយ។

លោក Barrot បាននិយាយ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ភ្លាមៗ មុនពេលមកដល់ទីក្រុងដាម៉ាសថា ដំណើររបស់លោកទៅកាន់ប្រទេសស៊ីរី រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock គឺមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ«ដោយសន្តិវិធី» សម្រាប់ «ប្រជាជនស៊ីរី» និងសម្រាប់ស្ថិរភាព ក្នុងតំបន់»។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសបារាំង និងអាល្លឺម៉ង់ គឺជាលើកដំបូង ដោយមហាអំណាចលោកខាងលិចដ៏សំខាន់មួយ ចាប់តាំងពីបុរសខ្លាំងស៊ីរី លោក បាសា អាល់អាសាដ ( Bashar al-Assad) ត្រូវបានបណ្តេញចេញ កាលពីថ្ងៃទី ០៨ ខែធ្នូ ដោយក្រុមឧទ្ទាមដែលដឹកនាំដោយក្រុមឥស្លាមនិយម Hayat Tahrir al-Sham (HTS)។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារាំង FRANCE 24 និងអ្នកកាសែតបរទេសមួយក្រុម មួយសប្តាហ៍ក្រោយមក ប្រធាន HTS លោក Ahmed al-Sharaa បានអំពាវនាវឲ្យ ប្រទេសលោកខាងលិចដកទណ្ឌកម្មអន្តរជាតិ ដែលបានដាក់លើរបបលោក អាសាដ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញ មុនពេលចេញដំណើរទៅកាន់ទីក្រុងទីក្រុងដាម៉ាស នៅថ្ងៃសុក្រនេះ លោកស្រី Baerbock បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺជា «សញ្ញាច្បាស់លាស់» ក្នុងនាមសហភាពអឺរ៉ុប ដើម្បីបើកផ្លូវសម្រាប់ «ការចាប់ផ្តើមនយោបាយថ្មីរវាងអឺរ៉ុប និងស៊ីរី រវាងអាល្លឺម៉ង់ និងស៊ីរី»។
