ទាហានអ៊ុយក្រែន បានធ្វើដំណើរទៅដល់ប្រទេសក្រិក ជាមួយស្លាកស្នាមរបួសដោយសារសង្រ្គាម ពួកគេខ្លះមានសម្លាកលើក្បាល ខ្លះមានពិការភាពជើងទាំង ២ ហើយខ្លះទៀតមានរបួសផ្លូវចិត្តដែលមើលមិនឃើញ ដោយសារជម្លោះរយៈពេល ៣ឆ្នាំ ដែលបានញាំញីប្រទេសកំណើតរបស់ពួកគេ ។
ទាហានមានគ្នា ២២នាក់ បានជិះរថយន្តក្រុងចម្ងាយជាង ១ពាន់គ.ម ចេញពីទីក្រុង Lviv របស់អ៊ុយក្រែន ទៅកាន់វត្តអារាមបុរាណមួយកន្លែងដែលសាងសង់លើចំណោតថ្ម ស្ថិតក្នុងឧបទ្វីប Athos នៅភាគខាងជើងប្រទេសក្រិក ជាទីដែលពួកគេសង្ឃឹមថា នឹងបំភ្លេចការចងចាំដ៏គួរឲ្យរន្ធត់របស់របស់ពួកគេនៅលើសមរភូមិ ។
អំឡុងការស្នាក់នៅរយៈពេល ៤ថ្ងៃរបស់ពួកគេ ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រចិត្តសាស្រ្តរៀបចំឡើងដោយក្រុមអាជ្ញាធរអ៊ុយក្រែន ទាហានទាំងនេះ បានធ្វើធម្មយាត្រាទៅកាន់វត្តអារាមបុរាណមួយចំនួននៅតាមជម្រាលភ្នំ Athos ដែលជាមជ្ឈមណ្ឌលតាំងសមាធិ ចាប់តាំងពីសតវត្សរ៍ទី ១០ ។
លោកឪ Mykhailo Pasirskyi គឺជាបុព្វជិតអូហ្សូដក់អ៊ុយក្រែនដែលអមដំណើរទាហានទាំងនេះ និយាយថា មានទាហានច្រើនណាស់រងគ្រោះដោយសារហេតុការណ៍កើតឡើងក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ។ ពួកគេជាច្រើនបានរងគ្រោះដោយសារជំងឺផ្សេងៗគ្នា ពួកគេរងរបួស ហើយពួកយើងត្រូវតែស្តារនីតិសម្បទាពួកគេ ។
សូមបញ្ជាក់ថា ការវាយលុកទ្រង់ទ្រាយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានចាប់ផ្តើមសង្រ្គាមស្លាប់មនុស្សច្រើនបំផុតលើទឹកដីអឺរ៉ុប ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមកនេះ ៕


