ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក បានណែនាំដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលើកំណាត់ មហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈសម្រាប់អាជីវកម្មរបស់ខ្លួន និង បង្កអោយមានការកកស្ទះចរាចរណ៍នៅលើ ដងផ្លូវប៉ះពាល់ដល់ផលប្រយោជន៍ និង ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
ជាក់ស្តែងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្ដីជូនដំណឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភណភាពក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើររដ្ឋបាលខណ្ឌទួលគោកបានរៀបចំ សណ្តាប់ធ្នាប់នៅតាមបណ្ដោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌទួលគោក សង្កេតឃើញថា មានបងប្អូនម្ចាស់អាជីវកម្ម លក់ដូរគ្រប់ប្រភេទបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងការចោលសំរាមគ្មានសណ្តាប់ធ្នាប់បណ្តាលឲ្យមានការកកស្ទះ ប្រព័ន្ធលូនៅពេលមានភ្លៀងធ្លាក់ម្តងៗ និងធ្វើឲ្យបាត់បង់សោភណភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក សូមដាក់ចេញនូវវិធានការចំនួនរួមមាន ៖
១.បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ ២.មិនអនុញ្ញាតឲ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់ មធ្យោបាយនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ១៨២ ដល់ ផ្លូវលេខ៣៣៦) ។ និង ៣. ចំពោះបងប្អូនដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធផ្ទាល់ខ្លួនដែលមិនទាន់មានលិខិតអនុញ្ញាត បើកអាជីវកម្ម សូមបងប្អូនស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយ ខណ្ឌទួលគោក។
រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ ក្នុងករណីមិនអនុវត្តតាម ការណែនាំរដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល វិធានការច្បាប់ និងមិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ៕
អត្ថបទ ៖ កុម្ភៈ



