ក្រុមធុរកិច្ចនៅក្នុងទីក្រុង Pithampur ស្ថិតក្នុងរដ្ឋភាគកណ្តាល Madhya Pradesh ប្រទេសឥណ្ឌា បានបិទហាងរបស់ពួកគេ ដើម្បីបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋដែលនាំគ្នាតវ៉ាប្រឆាំងក្រុមអាជ្ញាធរនៅថ្ងៃសុក្រនេះ ជុំវិញការយកទៅចោលកាកសំណល់ពុលពីសោកនាដកម្មឧស្ម័ននៅទីក្រុង Bhopal កាលពីឆ្នាំ ១៩៨៤ ។

ក្រុមបាតុករនាំគ្នាដង្ហែរក្បួន លើកពាក្យស្លោកទាមទារឲ្យការពារបរិស្ថានទីក្រុង Pithampur និងសុវត្ថិភាពរបស់ពួកគេ ពីកាកសំណល់កាលពីរយៈពេល ៤០ឆ្នាំមុន ។
ក្រុមអាជ្ញាធរឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានបញ្ចប់ការដឹកជញ្ជូនកាកសំណល់ពុលចេញពីទីតាំងកើតមានគ្រោះមហន្តរាលេចឧស្ម័នក្រុង Bhopal ឆ្នាំ ១៩៨៤ ដែលបានសម្លាប់មនុស្សជាង ៥ពាន់នាក់ ទៅកាន់ទីតាំងបោះចោល ស្ថិតក្នុងទីក្រុង Pithampur ជាទីដែលពួកគេត្រូវចំណាយពេលពី ៣ខែ ទៅ ៩ខែ ដើម្បីរំលាយវាក្លាយទៅជាផេះ ។
រថយន្តធំៗចំនួន ១២គ្រឿង ដឹកកាកសំណល់ពុលទម្ងន់ ៣៣៧តោនសម្រាប់រំលាយវាជាផេះ ត្រូវបានគេមើលឃើញចាកចេញពីទីតាំងមួយនេះ កាលពីល្ងាចថ្ងៃពុធ ដោយអាជ្ញាធរបានប្រាប់ថា ដំណើរការយកកាកសំណល់ទៅចោលនេះ នឹងអនុវត្តតាមនីតិវិធីសុវត្ថិភាពត្រឹមត្រូវដែលត្រូវបានណែនាំដោយរដ្ឋាភិបាល ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៨៤ ឧស្ម័ន Methyl Isocyanate បានលេចធ្លាយចេញពីរោងចក្រថ្នាំសម្លាប់សត្វល្អិត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក Union Carbide ដោយបានធ្វើឲ្យមនុស្សជាងកន្លះលាននាក់ពុល នៅទីក្រុង Bhopal រដ្ឋធានីនៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ៕

