រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានឡើងជិះយន្តហោះកងទ័ពអាល្លឺម៉ង់ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ ជាទីដែលលោកស្រី និងសមភាគីបារាំងលោក Jean-Noel Barrot គ្រោងនឹងជួបមេដឹកនាំតាមព្រឹត្តន័យថ្មីរបស់ប្រទេសមួយនេះ គឺលោក Ahmed al-Sharaa តាងនាមឲ្យសហភាពអឺរ៉ុប ។
លោកស្រី Baerbock និងលោក Barrot គឺជារដ្ឋមន្រ្តីលើកដំបូងគេមកពីសហភាពអឺរ៉ុប ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីក្រុមឧទ្ទាម ដណ្តើមបានការគ្រប់គ្រងទីក្រុងដាម៉ាស់កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ និងបង្ខំឲ្យលោកប្រធានាធិបតី Bashar al-Assad រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ក្រោយរយៈពេល ១៣ឆ្នាំនៃសង្រ្គាមស៊ីវិល ក៏ដូចជាបញ្ចប់ការគ្រប់គ្រងរយៈពេលច្រើនទសវត្សរ៍របស់គ្រួសារលោក ។
មុនពេលចេញដំណើរ លោកស្រី Baerbock និយាយថា ដំណើរទស្សនកិច្ចនេះ មានបំណងជាសញ្ញាច្បាស់មួយចំពោះពលរដ្ឋស៊ីរីថា ការចាប់ផ្តើមនយោបាយថ្មីរវាងអឺរ៉ុប និងស៊ីរី រវាងអាល្លឺម៉ង់ និងស៊ីរី គឺអាចទៅរួច ។
ចាប់តាំងពីផ្តួលរំលំលោក Assad ក្រុមឧទ្ទាមអ៊ិស្លាមដឹកនាំដោយក្រុមជីវពល Hayat Tahrir al-Sham (HTS)របស់លោក Sharaa បានព្យាយាមធានាឡើងវិញដល់បណ្តាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិថា ពួកគេនឹងគ្រប់គ្រងប្រទេសតាងនាមឲ្យពលរដ្ឋស៊ីរីទាំងអស់ ហើយនិងមិននាំចេញបដិវត្តន៍អ៊ិស្លាមនោះទេ ៕

