ទីក្រុងប៉េកាំង នៅថ្ងៃសុក្រ (ទី៣ ខែមករា) នេះ បានប្រាប់ថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលប្រកាសថា ខ្លួនកំពុងពិចារណាលើការរឹតបន្តឹងលើយានដ្រូនរបស់ចិន ដោយសារហេតុផលសន្តិសុខជាតិ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) ក្រសួងពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងពិចារណាលើច្បាប់ថ្មី ដើម្បីដោះស្រាយហានិភ័យដែលបង្កឡើងដោយយានដ្រូនផលិតដោយបច្ចេកវិទ្យាពីបច្ចាមិត្តបរទេស ដូចជាចិន និងរុស្ស៊ីជាដើម។ កិច្ចខិតខំប្រឹងប្រែងនេះអាចនាំឲ្យមានបទប្បញ្ញត្តិ ឬបម្រាម លើយានដ្រូនរបស់ចិន ដែលក្ដោបក្ដាប់ទីផ្សារពិភពលោក។
នៅថ្ងៃទី៣ ខែមករានេះ ដោយឆ្លើយតបទៅនឹងសំណួរ អំពីការរឹតបន្តឹងដែលអាចកើតមាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចោទប្រកាន់សហរដ្ឋអាមេរិកថា៖ «បង្កើតគំនិតសន្តិសុខជាតិ ជ្រៀតជ្រែក (លើ) និងរឹតបន្តឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា ហើយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ពិភពលោក»។
លោកស្រីបានបញ្ជាក់បន្ថែមថា៖ «យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង»៕


