នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និងរដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot បានបំពេញទស្សនកិច្ចទៅកាន់ពន្ធនាគារដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ប្រទេសស៊ីរី គឺពន្ធនាគារ Sednaya ។
ដំណើរទស្សនកិច្ចរបស់ពួកគេ បានកើតមានឡើង ស្របពេលបណ្តារដ្ឋាភិបាលលោកខាងលិចបើកបណ្តាញជាមួយក្រុម Hayat Tahrir al-Sham របស់មេដឹកនាំតាមព្រឹត្តន័យថ្មីរបស់ប្រទេសស៊ីរីលោក Ahmed al-Sharaa គឺជាក្រុមមួយកាលពីមុនមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមអាល់កៃដា ដែលនាំឲ្យមានការបះបោរប្រឆាំងនឹងលោក Bashar al-Assad ។
លោក Barrot បានចុះចតមុននៅរដ្ឋធានីដាម៉ាស់ នៅព្រឹកថ្ងៃសុក្រនេះ ដោយរូបលោកបានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Xថា បារាំង និងអាល្លឺម៉ង់ ឈរខាងពលរដ្ឋស៊ីរី និងបង្ហាញការគាំទ្រឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី និងតាមតម្រូវការ ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋស៊ីរី និងស្ថិរភាពក្នុងតំបន់ ។
សូមបញ្ជាក់ថា លោកស្រី Baerbock និងលោក Barrot គឺជារដ្ឋមន្រ្តីលើកដំបូងគេមកពីសហភាពអឺរ៉ុប ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីក្រុមឧទ្ទាម ដណ្តើមបានការគ្រប់គ្រងទីក្រុងដាម៉ាស់កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ និងបង្ខំឲ្យលោកប្រធានាធិបតី Assad រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ក្រោយរយៈពេល ១៣ឆ្នាំនៃសង្រ្គាមស៊ីវិល ក៏ដូចជាបញ្ចប់ការគ្រប់គ្រងរយៈពេលច្រើនទសវត្សរ៍របស់គ្រួសារលោក ៕


