ក្រុមឆ្មាំល្បាតឆ្នេរម៉ាឡេស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានបង្កើនការល្បាតទ្វេដងនៅក្នុងដែនទឹករបស់ខ្លួន ដើម្បីស្វែងរកទូកដឹកជនអន្តោប្រវេសន៍មីយ៉ាន់ម៉ាគ្មានឯកសារ ក្រោយមនុស្សជិត ២០០នាក់ ត្រូវបានឃាត់ខ្លួននៅលើកោះស្ថិតក្នុងរដ្ឋភាគពាយ័ព្យ Kedah របស់ម៉ាឡេស៊ី ។
ក្រុមឆ្មាំល្បាតឆ្នេរ និយាយថា នគរបាល បានឃាត់ខ្លួនជនអន្តោប្រវេសន៍គ្មានឯកសារ ១៩៦នាក់ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយទូករបស់ពួកគេឡើងកំពង់នៅតំបន់ឆ្នេរ ស្ថិតលើកោះទេសចរណ៍ Langkawi ។
ក្រុមឆ្មាំល្បាតឆ្នេរម៉ាឡេស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយផ្អែកលើព័ត៌មានដែលឆ្មាំល្បាតឆ្នេរទទួលបានថា មានទូក ២គ្រឿងបន្ថែមទៀត ដឹកជនអន្តោប្រវេសន៍មីយ៉ាន់ម៉ាគ្មានឯកសារនៅក្នុងសមុទ្រ ប៉ុន្តែទីតាំងពិតប្រាកដរបស់ពួកគេ នៅមិនទាន់ដឹងច្បាស់នោះទេ ។
លោក Mohd Rosli Abdullah គឺជាអគ្គនាយកឆ្មាំល្បាតឆ្នេរម៉ាឡេស៊ី និយាយថា ក្រុមអាជ្ញាធរកំពុងល្បាតនៅដែនទឹកភាគខាងជើងកោះ Langkawi និងតាមតំបន់ព្រំដែន ហើយនិងរៀបចំការឃ្លាំមើលតាមអាកាស ដើម្បីកំណត់ទីតាំងរបស់ទូកជនអន្តោប្រវេសន៍ ។
លោក Mohd Rosli បន្តថា ក្រុមឆ្មាំល្បាតឆ្នេរបានទាក់ទងជាមួយក្រុមអាជ្ញាធរថៃផងដែរ ដើម្បីកំណត់អត្តសញ្ញាណចលនារបស់ទូកដឹកជនអន្តោប្រវេសន៍ ។
នៅព្រឹកថ្ងៃសុក្រនេះ កាសែតប្រចាំថ្ងៃ The Star រាយការណ៍ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ២០០នាក់ មកពីមីយ៉ាន់ម៉ា បានឡើងកំពង់នៅតំបន់ឆ្នេរកោះ Langkawi ៕