ក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចកាត់បន្ថយជើងហោះហើរ ទាំងក្នុងស្រុក និងអន្តរជាតិចំនួន ១.៩០០វ៉ុល នៅត្រឹមខែមីនា ដើម្បីបង្កើនការត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការ បន្ទាប់ពីមានសោកនាដកម្ម ដោយសារឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើរដ៏គួរឲ្យតក់ស្លុត នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងខេត្ត South Jeolla កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
អំឡុងសន្និសីទសារព័ត៌មាន ក្នុងសណ្ឋាគារមួយ នៅភាគខាងលិចទីក្រុងសេអ៊ូល នាថ្ងៃសុក្រ (ទី៣ មករា) នេះ ប្រធានផ្នែកគាំទ្រផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Jeju Air លោក Song Kyung-hoon បាននិយាយថា៖ «សម្រាប់ជើងហោះហើរអន្តរជាតិ ការកាត់បន្ថយនឹងកើតមានឡើងជាចម្បងលើផ្លូវសំខាន់ៗ ដែលមានប្រេកង់ខ្ពស់ ដូចជាទៅកាន់ប្រទេសជប៉ុន និងតំបន់អាស៊ីអាគ្នេយ៍ជាដើម»។
លោកបានបន្ថែមថា៖ «បច្ចុប្បន្ន យើងកំពុងដំណើរការនីតិវិធីរដ្ឋបាលចាំបាច់។ នៅពេលកិច្ចការទាំងនេះត្រូវបានបញ្ចប់សព្វគ្រប់ យើងនឹងណែនាំអ្នកដំណើរដែលបានកក់សំបុត្រទុកឲ្យកក់ជើងហោះហើរផ្សេងទៀត តាមជម្រើសរបស់ពួកគេ»។
នៅមុននេះ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយនេះ បានបង្ហាញថា ការកក់ទុកប្រហែល ៦៧.០០០សំបុត្រ ដោយ ៣៣.០០០សំបុត្រ សម្រាប់ជើងហោះហើរ ក្នុងស្រុក និង ៣៤.០០០សំបុត្រ សម្រាប់ជើងហោះហើរអន្តរជាតិ ត្រូវបានលុបចោលភ្លាមៗបន្ទាប់ពីសោកនាដកម្មកើតឡើង នៅចន្លោះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ និងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលបង្កើនក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីវិបត្តិសាច់ប្រាក់ដែលអាចកើតមាន៕