នគរបាលហូឡង់ នៅថ្ងៃសុក្រ (ទី៣ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា បានបាញ់សម្លាប់មនុស្ស ៣នាក់ នៅក្នុងទីក្រុងកំពង់ផែ Rotterdam អំឡុងហេតុកាណ៍ការបាញ់ប្រហារដោយមិនកំណត់គោលដៅជាក់លាក់ កាលពី ២សប្តាហ៍មុន។
ការសម្លាប់ជាបន្តបន្ទាប់ បានបង្កការភ័យខ្លាចដល់ប្រជាជន ក្នុងតំបន់ និងជាព័ត៌មានធំ នៅក្នុងប្រទេសហូឡង់ ដែលជាធម្មតាអំពើហិង្សាប្រដាប់អាវុធ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមឧក្រិដ្ឋកម្មចាត់តាំង។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់អាយុ ២៤ឆ្នាំ ដែលមានទីលំនៅមិនពិតប្រាកដ ហើយរកឃើញអាវុធមួយដើម នៅកន្លែងកើតហេតុ។ ប្រមុខរដ្ឋអាជ្ញា លោក Hugo Hillenaar បានប្រាប់អ្នកសារព័ត៌មានថា មិនទាន់មានការបង្ហាញអំពីហេតុផលជំរុញចិត្តណាមួយនៅឡើយទេ។
លោក Hillenaar បាននិយាយថា៖ «វាមិនមែនតែជាសុបិនអាក្រក់ សម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងទីក្រុង Rotterdam ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ទាំងរូបខ្ញុំផ្ទាល់ និងសម្រាប់អ្នកជំនាញពាក់ព័ន្ធទាំងអស់ផងដែរ ខណៈមនុស្សម្នាក់នៅតែដើរដោយសេរី ដើម្បីបាញ់សម្លាប់ជនរងគ្រោះដោយគ្មានហេតុផលជាក់លាក់»។
លោក Hillenaar បាននិយាយថា ជនសង្ស័យកើតនៅលើកោះ Curacao របស់តំបន់ការ៉ាអ៊ីព ប៉ុន្តែធំធាត់នៅប្រទេសហូឡង់។ រូបគេត្រូវបាននគរបាលថា ធ្លាប់បានប្រព្រឹត្តបទល្មើសតូចតាច កាលជាអនីតិជន ដូចជាការលួចអីវ៉ាន់ក្នុងហាងជាដើម។
ការបាញ់ប្រហារជាបន្តបន្ទាប់ បានចាប់ផ្តើមនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ នៅពេលដែលបុរសវ័យ ៦៣ឆ្នាំម្នាក់ ត្រូវបានបាញ់ចំក្បាល ហើយក្រោយមកបានបាត់បង់ជីវិត ដោយសាររបួសធ្ងន់ពេក។ ជិត ១សប្តាហ៍ក្រោយមក បុរសវ័យ ៥៨ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ក្នុងស្ថានភាពស្រដៀងគ្នា នៅក្នុងសង្កាត់ដូចគ្នា។ ស្នងការនគរបាលទីក្រុង Rotterdam លោក Fred Westerbeke បាននិយាយថា ក្រុមរបស់លោកបានបង្កើតទំនាក់ទំនងយ៉ាងរហ័ស រវាងការសម្លាប់ទាំង២ ប៉ុន្តែមិនអាចការពារអ្នកទី៣ បាន ដោយបុរសវ័យ ៨១ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី២ ខែមករា៕